ឯកឧត្តម អឿង ចន្ថា អញ្ជើញដឹកនាំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្រ្តីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ» នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិលើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តបង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានគតិយុត្តជាធរមាន និងត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំផែនការគ្រប់គ្រងអាងទន្លេ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងបានណែនាំបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំនូវស្ថានភាពធាតុអាកាស របាយទឹកភ្លៀង កម្ពស់ទឹក និងធារទឹកតាមបណ្តាស្ទឹងនានាក្នុងខេត្ត ព្រមទាំងគ្រប់គ្រងប្រតិបត្តិការបិទ-បើកទ្វារទឹកឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិឱ្យបានជាអតិបរមា៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





