អាជ្ញាធរក្រុងប៉ោយប៉ែតជម្លៀសប្រជាពលរដ្ឋ២៨៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀងកើនឡើង
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- ខណៈស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកំពុងបន្តកើនឡើង អាជ្ញាធរក្រុងប៉ោយប៉ែតបានដាក់ចេញវិធានការបន្ទាន់ ដោយចល័តកម្លាំងអាជ្ញាធរសមត្ថកិច្ច និងក្រុមជំនាញ ចុះជួយជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីការពារអាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍បឋមរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត គិតត្រឹមម៉ោង១១៖០០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសរុបចំនួន២៨៥គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយជ្រោមជ្រែងជម្លៀសមកកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន។ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវបានជម្លៀសនេះ ស្ថិតនៅក្នុង សង្កាត់អូរជ្រៅ ចំនួន១៥៥គ្រួសារ ក្នុងនោះ វត្តបាលិលេយ្យបានទទួលប្រជាពលរដ្ឋចំនួន១២៥គ្រួសារ និងសាលាព្រហ្មនិម្មិតទទួលចំនួន៣០គ្រួសារ។ ដោយឡែក នៅសង្កាត់ផ្សារកណ្តាលមានប្រជាពលរដ្ឋសរុប១៣០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផ្សេងៗ ដោយទីតាំងដីឡូត៍ សំណាង ទទួលប្រជាពលរដ្ឋចំនួន ២០គ្រួសារ និងទីតាំងដី ទៀ ចាង ទទួលចំនួន១១០គ្រួសារ។
ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទាំងនេះគឺជាវិធានការបង្ការជាមុនរបស់អាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលអាចកើតមាន ខណៈស្ថានភាពទឹកកំពុងមានការប្រែប្រួល និងអាចប៉ះពាល់ដល់តំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន អាជ្ញាធរក្រុងប៉ោយប៉ែត រួមជាមួយកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ កំពុងបន្តចុះតាមដានស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមលក្ខណៈផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត និងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពនីមួយៗឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងតំបន់ប្រឈម ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវប្រយ័ត្នចំពោះសត្វអាសិរពិស ដែលអាចចេញពីទីជម្រកដោយសារទឹកជំនន់ ព្រមទាំងត្រូវយកចិត្តទុកដាក់មើលថែ កុមារតូចៗ និងមនុស្សចាស់ ឱ្យបានល្អ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។
រដ្ឋបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅតំបន់ដែលមានហានិភ័យខ្ពស់ពីទឹកជំនន់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន តាមដានស្ថានភាពទឹក និងព័ត៌មានផ្លូវការរបស់អាជ្ញាធរជាប្រចាំ ព្រមទាំងចូលរួមអនុវត្តតាមការណែនាំ និងវិធានការបន្ទាន់ដែលបានដាក់ចេញ។

អាជ្ញាធរបានគូសបញ្ជាក់ថា ក្នុងស្ថានភាពដែលទឹកជំនន់កំពុងបន្តកើនឡើង ការត្រៀមខ្លួនជាមុន ការជម្លៀសទាន់ពេលវេលា និងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងការពារអាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ស្ថានភាពជំនន់នៅក្រុងប៉ោយប៉ែតនៅតែត្រូវបានអាជ្ញាធរតាមដានយ៉ាងជិតស្និទ្ធ ខណៈកម្លាំងពាក់ព័ន្ធកំពុងបន្តត្រៀមអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ប្រឈម ដើម្បីធានាថា ប្រជាពលរដ្ឋដែលត្រូវការជំនួយអាចទទួលបានការការពារ និងការជួយសង្គ្រោះបានទាន់ពេលវេលា៕
ដោយ ឈុន សារ៉ាត





