សត្វត្រដេវិចទន្លេត្រូវបានកត់ត្រាបានជាលើកទីមួយនៅតំបន់ការពារទេសភាពអន្លង់ព្រីង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បាន និងកំពុងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស និងក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីតាមដានសត្វស្លាប និងសកម្មភាពដែលអាចប៉ះពាល់ដល់ការអភិរក្សនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង។ ក្រុមការងារនេះធ្វើការល្បាតយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ ដើម្បីកត់ត្រាសកម្មភាពមនុស្ស និងប្រភេទសត្វស្លាបដែលបានប្រទះឃើញនៅក្នុងតំបន់។

ដំណឹងដ៏រីករាយពីលទ្ធផលល្បាតក្នុងខែកញ្ញា គឺការកត់ត្រាបានសត្វត្រដេវិចទន្លេ (River Lapwing) ជាលើកដំបូងនៅអន្លង់ព្រីង ដែលជាប្រភេទសត្វស្លាបស្ថិតក្នុងកម្រិតជិតរងការគំរាមកំហែង (Near Threatened)។ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ បន្ទាប់ពីការពង្រឹងការគ្រប់គ្រងតំបន់ និងការដាក់ឱ្យអនុវត្ត គម្រោងស្រូវមិត្តក្រៀល (Crane Rice) យើងបានបន្តកត់ត្រាប្រភេទសត្វស្លាបថ្មីៗនៅក្នុងតំបន់អន្លង់ព្រីង។

កំណត់ត្រាថ្មីនេះគឺជាសញ្ញាវិជ្ជមានមួយទៀតដែលបង្ហាញថា អន្លង់ព្រីងនៅតែបន្តផ្តល់ជម្រកដ៏មានតម្លៃសម្រាប់សត្វស្លាប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសត្វស្លាបទេសន្តរប្រវេសន៍ តាមបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត–អូស្ត្រាលី (East Asian–Australasian Flyway)។
ការពារជម្រកធម្មជាតិ ជួយគាំទ្រសហគមន៍ និងរួមគ្នារក្សាផ្លូវហោះហើរសត្វស្លាបឱ្យនៅរស់រវើក៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





