តំណាងក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅតំបន់ក្វាងជូតូច សាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦---
នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសម ត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលគាំពារពលករបរទេសក្វាងជូតូច និងសហគមន៍ខ្មែរនៅតំបន់ក្វាងជូតូច សាធារណរដ្ឋកូរ៉េ។
ពិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនសហគមន៍ និងពលករខ្មែរ ដែលកំពុងរស់នៅ និងបម្រើការងារនៅតំបន់នេះ ប្រមាណ ៥ ០០០នាក់។


ពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានរៀបចំឡើ ងក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជាពិសេសវីរជនកងទ័ពកម្ពុជាដែលបានពលីក្នុងសង្គ្រាម និងអ្នកដែលបានចែកឋានទៅ ព្រមទាំងផ្តល់ឱកាសសម្រាប់ការជួបជុំបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែមានភាពកក់ក្តៅ។ វត្តមាននៃការជួបជុំគ្នានេះ មិនត្រឹមតែជាការចូល រួមថែរក្សាប្រពៃណី និងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការរំលែកក្តីនឹករលឹកដល់ស្រុកកំណើត និងពង្រឹងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែស្អិតល្មួតផងដែរ។


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសហគមន៍ និងពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនទាំងអស់បន្តខិតខំប្រឹងប្រែងបំពេញ ការងារឱ្យអស់ពីសមត្ថភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងយល់ដឹងអំពីវប្បធម៌រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ៕


ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





