ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែកត្នោត តំបន់កំពង់ទួលទំនប់៧មករា និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅតាមសណ្ដស្ទឹងព្រែក ត្នោត ចាប់ពីតំបន់កំពង់ទួលទំនប់៧ មករា ប្រឡាយ៧៨ ទន្លេបាទី រហូតដល់តំបន់ព្រែកគង់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងភូមិសាស្ត្រខេត្តកណ្តា ល និងខេត្តតាកែវ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ៖ តាមការពិនិត្យជាក់ស្ដែង ស្ថានភាពមកដល់ពេលបច្ចុប្បន្ននេះមិនមានហានិភ័យលិចទឹកដោយសារទឹកជំនន់នោះទេនៅតំបន់រណបជុំវិញរាជធានីភ្នំពេញ តែទោះជាយ៉ាងណា ក៏ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គួរបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជានិច្ចគ្រប់កាលៈទេសៈ ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៅតាមមុខព្រួញ និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ បន្តបង្កើនការយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពធាតុអាកាស ព័ត៌មានពីបរិមាណទឹកភ្លៀង កម្ពស់ទឹក និងធារទឹក រវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត ជាពិសេសការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការងារគ្រប់ គ្រងទឹក និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិនានា។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសប្រទេសកម្ពុជា ដែលបាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចដែលបានវិវត្តទៅជាព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ (Surigae) បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតម្រូវឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕

ដោយ៖ ពេជ្រ សំអឿន, ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម





