នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា១គ្រឿងបានចាកចេញពីដែនទឹកកម្ពុជាប្រកប ដោយសុវត្ថិភាពបន្ទាប់ពីចូលចតធ្វើទស្សនកិច្ច៣ថ្ងៃរួចមក
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- នាវាកងទ័ពជើងទឹកប្រទេសកាណាដាចំនួន១គ្រឿង មានឈ្មោះ HMCS Regina (FFH-334) បានចាកចេញពីដែនទឹកនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព នាថ្ងៃព្រហស្បតិ៍ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីនាវាចម្បាំងរបស់កងទ័ពជើងទឹករបស់ប្រទេសកាណាដា បានចូលចតធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃរួចមកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ក្នុងដំណើរនិវត្តន៍របស់នាវាចម្បាំងប្រទេសកាណាដានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការជូនដំណើរពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ដំណើរទស្សនកិច្ចមានគោលបំណងពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ (កម្ពុជា-កាណាដា)។

ក្នុងការចូលសុំចត និងស្នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គណៈប្រតិភូកងទ័ពជើងទឹកប្រទេសកាណាដា ក៏បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន។ ក្រៅពីការជួបសម្ដែងការគួរសម ក៏មានកម្មវិធីប្រកួតកីឡាមិត្តភាពរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា-កាណាដា ប្រកបដោយភាពស្និតស្នាល ព្រមទាំងមានកម្មវិធីផ្លាស់ប្តូបទពិសោធន៍រវាងកងទ័ពជើងទឹកប្រទេសទាំងពីរផងដែរ។
សូមជម្រាបជូនថា នាវា HMCS OTTAWA (FFH 334) មានប្រវែង១៣៤,៧ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ ទម្ងន់ផ្ទុក (Deadweight)៖ ៥ ១០០តោន ដឹកនាំដោយលោកមេបញ្ជាការនាវា វរនាវីទោ Darren Sleen។

សូមបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា បានទទួលស្វាគមន៍នាវា ចម្បាំងបរទេសចំនួន ៣ប្រទេស ស្មើនឹង ៣គ្រឿង ក្នុងនោះ ១. នាវាចម្បាំងរុស្ស៊ីចំនួនមួយគ្រឿងចូលចតចាប់ពីថ្ងៃទី ១១-១២ ខែកញ្ញា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ២. នាវាកងទ័ពជើងទឹកឥណ្ឌាចូលចតចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមូលដ្ឋានសមុទ្ររាម និង៣. នាវាកងទ័ពជើងទឹក ប្រទេសកាណាដា ចូលចតពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦៕

ដោយ ងូ សុមុនី





