តំណាងអន្តរជាតិវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តួចផ្តើមរៀបចំសន្នីសីទអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិភាក្សាថ្ងៃទី១នៃសន្នីសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តំណាងអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តួចផ្តើមរៀបចំសន្នីសីទអន្តរជាតិនេះឡើង។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ អំពីលទ្ធផលថ្ងៃទី១នៃសន្នីសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងវេទិកាកម្រិតខ្ពស់ តំណាងអន្តរជាតិបានឯកភាពគ្នាថា បច្ចេកវិទ្យាអនឡាញហ្គេមគឺជាបច្ចេកវិទ្យាឆ្លងដែន និងជាបញ្ហាសកល ដែលភ្ជាប់ជាមួយឧក្រិដ្ឋកម្មពីការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការខុសច្បាប់ ការសម្អាតប្រាក់ និងឧក្រិដ្ឋកម្មតាមឌីជីថល។


ឯកឧត្តមបានលើកឡើងថា ចំណុចសំខាន់ៗដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សាកិច្ចប្រជុំជាន់ខ្ពស់នេះរួមមាន៖ ១. ការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ឧក្រិដ្ឋជន។ បណ្តាឧក្រិដ្ឋជនកំពុងប្រើប្រាស់AI និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ដើម្បីពង្រីកការឆបោកកាន់តែលឿនទូលំទូលាយ និងស្មុគស្មាញជាងមុន និងជាលក្ខណៈប្រព័ន្ធឆ្លងដែន។ ពេលខ្លះសមត្ថភាពរបស់ក្រុមឧក្រិដ្ឋខ្ពស់ជាសមត្ថភាពសមត្ថកិច្ចផងដែរ។ ទី២. តម្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដោយវាគ្មិនអន្តរជាតិបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះដោយឯកឯងបាននោះទេ។ កិច្ចប្រជុំសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់ឱ្យកាន់តែរឹងមាំដោយរាប់បញ្ចូលកិច្ចសហប្រតិបត្តិការអាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរតំបន់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ ទី៣. បានលើកឡើងពីការទប់ស្កាត់ និងការស៊ើបអង្កេតដែលតំណាងប្រទេសដែលបានចូលរួមបានឯកភាពគ្នាថាត្រូវពង្រឹក និងចែករំលែកព័ត៌មានឱ្យទាន់ពេលវេលា ការស៊ើបអង្កេត បង្កកទ្រព្យសម្បត្តិ ឬក៏អូសយកទ្រព្យដែលបានមកពីបទល្មើស និងការស៊ើបអង្កេតរួមគ្នាដើម្បីកម្ទេចមេខ្លោង និងបណ្តាញឧក្រិដ្ឋជន។ ទី៤. លើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធគឺត្រូវពង្រឹងឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ បណ្តាញសង្គម និងក្រុមបច្ចេកវិទ្យា ដើម្បីកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលំហូរដែលឧក្រិដ្ឋជនប្រើប្រាស់។ ទី៥. កាពារជនរងគ្រោះជាអាទិភាពមានអ្នកដែលគេបោកប្រាស់ និងអ្នកដែលត្រូវបានគេជួញដូរ ឬបង្ខំឱ្យប្រព្រឹត្តបទល្មើសដោយមិនដាក់ទោសទណ្ឌនៃអំពើជួញដូរមនុស្ស។ ទី៦. ពង្រឹងអភិក្រមរួមគឺប្រទេសប្រកាន់យកគោលការណ៍វិធានការដែលមានការចូលរួម ទាំងរដ្ឋាភិបាល សង្គម សហគមន៍អាស៊ានទាំងមូលដើម្បីបង្កើតរបាំងការពារដ៏រឹងមាំក្នុងការទប់ស្កាត់បណ្តាញឧក្រិដ្ឋឆ្លងដែន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា នៅក្នុងវេទិកានោះដែរ ប្រទេសមួយចំនួនបានស្នើឱ្យមានបណ្តាញប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់ និងក្នុងពិភពលោកដើម្បីធ្វើការសម្របសម្រួលកិច្ចការភ្លាមៗតែម្តង។ ជាងនេះវាគ្មិនមកពីបណ្តាប្រទេសផ្សេងៗបានធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីសារសំខាន់អំពីកម្ពុជា។ កម្ពុជាបានបង្ហាញពីវិធានការសំខាន់ៗនានាដែលខ្លួនបានធ្វើកន្លងមក និងបានអំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិបង្កើតកិច្ចសហប្រតិបត្តិការ និងសហការឱ្យកាន់តែជិតស្និទ្ធដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព សំដៅដល់បរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត សម្រាប់ទាំងអស់គ្នា៕
ដោយ៖ ប៊ុនរិទ្ធ





