ឯកឧត្តម លី ធុជ៖ រាជរដ្ឋាភិបាលនៅតែបន្តជំរុញកំណែទម្រង់ក្រោមយុទ្ធសាស្ត្របញ្ចកោណ ទោះប្រឈមសម្ពាធ និងវិបត្តិពីខាងក្រៅក្ដី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងរយៈពេលមួយឆ្នាំដែលកម្ពុជាប្រឈមនឹងវិបត្តិ និងសម្ពាធពីខាងក្រៅក្ដី សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានរក្សាស្ថិរភាពប្រទេសជាតិ និងបន្តជំរុញកំណែទម្រង់តាមយុទ្ធសាស្ត្របញ្ចកោណ។ សម្តេចធិបតីបានកំណត់ទិសដៅច្បាស់លាស់សម្រាប់កម្ពុជា និង ត្រូវបន្តរក្សាទិសដៅអភិវឌ្ឍន៍នេះ ក្នុងបរិបទពិភពលោកដែលថាមពលកាន់តែមានភាពមិនប្រាកដប្រជា និងមានតម្លៃថ្លៃឡើង។នេះជាការលើកឡើង របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គណៈកម្មាធិការជាតិសម្រាប់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក) ក្នុងវេទិកាពិភាក្សាគោលនយោបាយ ស្តីពី វិបុលភាពសេដ្ឋកិច្ច-សង្គម នៅអំឡុងពេលនៃ ការផ្លាស់ប្តូរ ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តភាព បរិស្ថាននៅកម្ពុជា - Socioeconomic Prosperity Amid the transition to an environmentally Sustainable Economy in Cambodia នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។


ឯកឧត្តម លី ធុជ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា កំពង់ខិតខំពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើន និងការប្រកួតប្រជែងរបស់ឧស្សាហកម្ម ព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ថាមពលដែលមានតម្លៃថោកបំផុត គឺថាមពលដែលយើងមិនចាំបាច់ទិញ ។ រាជរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់ថាមពលសរុបយ៉ាងតិច១៩% ត្រឹមឆ្នាំ២០៣០ ហើយបានអំពាវនាវឱ្យមានការរួមគ្នាពីគ្រប់ភាគី ដើម្បីប្រែក្លាយគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រ អគារ ការដឹកជញ្ជូន និងគ្រួសារ។ កម្ពុជាធ្លាប់ស្តារប្រទេសឡើងវិញពីចំណុចចាប់ផ្តើមដែលលំបាកជាងនេះ ដោយផ្អែកលើភាពជាក់ស្តែង ការរៀនសូត្រពីដៃគូ និងការដាក់ប្រជាពលរដ្ឋជាចំណុចកណ្តាលនៃរាល់ការសម្រេចចិត្ត។ ឯកឧត្តមបានបញ្ជាក់ថា ភាពជាដៃគូនៅតែជាកត្តាសំខាន់ ខណៈការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចប្រកបដោយចីរភាពមិនអាចសម្រេចបាន ដោយប្រទេសណាមួយតែឯងឡើយ ៕

ដោយ សួស សំរិត





