ឯកឧត្តម ស៊ិន វិសិទ្ធ អញ្ជើញចុះពិនិត្យ និងតាមដានស្ថានភាពនៃការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ក្នុងភូមិសាស្ដ្រខេត្តប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងតាមដានជាក់ស្តែងអំពីស្ថានភាពនៃការគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

ឯកឧត្តមអនុរដ្ឋលេខាធិការបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងស្រុកសាលាក្រៅ ដោយក្នុងនោះ ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ (ឃុំសាលាក្រៅ) មានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែក ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ និងអូរដូនតា (ឃុំស្ទឹងត្រង់) ដែលធ្លាប់រីងស្ងួតច្រើនខែ គឺប្រព័ន្ធផ្ទះស្បូវចាប់ផ្តើមមានទឹកគ្រប់គ្រាន់ឡើងវិញ ខណៈប្រព័ន្ធអូរដូនតាមានទឹកប្រមាណ ៣០% និងរំពឹងថាមានទឹកគ្រប់គ្រាន់នៅសប្តាហ៍ខាងមុខ។

ឯកឧត្តមបានបន្ដចុះពិនិត្យការងារកាយកែសម្រួលផ្លូវទឹក និងការងារលើកកម្ពស់ទំនប់មាត់ស្ទឹង ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អនុវត្តសម្រេចបាន ១០០% ដើម្បីការពារការហូរច្រោះបាក់ច្រាំងស្ទឹង ជួយការពារផ្លូវកៅស៊ូ និងលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ ឱ្យចៀសផុតពីគ្រោះជំនន់ទឹកភ្លៀង។

ឯកឧត្តម បានផ្តល់អនុសាសន៍ណែនាំដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ត្រូវបន្តយកចិត្តទុកដាក់តាមដានការប្រែប្រួលអាកាសធាតុជាប្រចាំ ដើម្បីរៀបចំផែនការគ្រប់គ្រង និងចាត់ចែងប្រភពទឹកឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលាជូនដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេសការជូនដំណឹងព្រមានជាមុនអំពីជំនន់រហ័សដែលកើតចេញពីតំបន់ភ្នំ ដើម្បីត្រៀមលក្ខណៈបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





