កម្លាំងចម្រុះ បន្តចុះបង្ក្រាបបទល្មើសជលផលនៅក្រុងស្ទឹងសែន បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួន
AKP កំពង់ធំ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ដោយមានការអនុញ្ញាតពីលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបានចាត់ឱ្យលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងលោក សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចខាងកើតភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ និងតំបន់បឹងផ្អិត បឹងវែង ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ជាទ្ធផលកម្លាំងចម្រុះ បានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន៖ របាំងស្បៃមុងប្រវែង៧៥០ម៉ែត្រ ឡុកស្បៃមុងចំនួន១០ឡុក លូស្បៃមុងចំនួន១៤មាត់ បង្គោលឈើចំនួន៥៦០ដើម និងបានចាក់លែងត្រីស្រស់ចម្រុះចំនួន២២ចូលទៅក្នុងបឹងធម្មជាតិវិញដើម្បីអភិរក្សធនធានជលផល។


លោក យ៉េង យ៉ាន បានផ្សព្វផ្សាយដល់ប្រជានេសាទស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ធំ ដើម្បីរួមចំណែកការពារនិងអភិរក្សធនធានជលផលព្រមទាំងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងបានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមចូលរួមគោរព អនុវត្តន៍តាមច្បាប់និងបទប្បញ្ញត្តិស្តីពីជលផល មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និងត្រូវចូលរួមការពារតំបន់អភិរក្ស ព្រមទាំងប្រភពធនធានជលផលនៅក្នុងមូលដ្ឋាន។ ការចូលរួមរបស់ប្រជានេសាទ និងប្រជាពលរដ្ឋគ្រប់រូបគឺជាកត្តាសំខាន់ក្នុងការរក្សាធនធានជលផលឱ្យមាននិរន្តរភាព សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





