អង្គការ CI និងវិស័យឯកជន ពិភាក្សាពីគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីថែរក្សាធនធានធម្មជាតិដោយនិរន្តរភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--
តំណាងមកពីអង្គការអភិរក្ស CI វិស័យឯកជន និងក្រុមយុវជន បានជួបជុំគ្នា ពិភាក្សាអំពីគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការរួមគ្នាមួយសម្រាប់លើកកម្ពស់ការយល់ដឹងសាធារណៈ ដែលផ្តោតលើសារៈសំខាន់នៃការផ្តល់តម្លៃ និងការរួមថែរក្សាធនធានធម្មជាតិនៅកម្ពុជាដោយនិរន្តរភាព។ នេះបើយាមការឱ្យដឹងពីអង្គការ CI នៅថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២៦ ។

អ្នកចូលរួមបានធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃយុទ្ធនាការ ព្រមទាំងពិភាក្សាអំពីជំហានបន្ទាប់ ដើម្បីរៀបចំ និងអនុវត្តយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ការជួបជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរួម និងកម្លាំងសហការរវាងភាគីពាក់ព័ន្ធ ក្នុងការជំរុញការយល់ដឹង និងការចូលរួមរបស់សាធារណជនក្នុងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះរបស់ប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះមានការចូលរួមពីតំណាងអង្គការអភិរក្ស និងដៃគូសំខាន់ៗនៅកម្ពុជាដូចជាអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) អង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ Wonders of the Mekong និងអង្គការ Wild Earth Allies IBIS Rice - Organic Wildlife Friendly Rice Sam Veasna Conservation Stay និងក្រុមយុវជន សរុបចំនួន ១៣ នាក់ ក្និងនោះមានស្ត្រី ៦ នាក់ ៕
ដោយ ណយ នឿន (ប្រភព៖CI)





