សហភាពអឺរ៉ុបបានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន១,៨លានដុល្លារ អាមេរិករយៈពេល១៨ខែដើម្បី គាំទ្រសកម្មភាពអង្គភាពCMAC
AKPភ្នំពេញ ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២៦--
សហភាពអឺរ៉ុបបានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន១,៨ លានដុល្លារ អាមេរិក គាំទ្រសកម្មភាពអង្គភាពCMACសម្រាប់រយ:ពេល១៨ ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។

ថ្លែងជុំវិញបញ្ហានេះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថាការអនុម័តផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារFPI និងក្រុមការងារ នៅសារមន្ទីរតេជោសន្តិភាព ខេត្ត សៀមរាប កាលពីរសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦។

ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់ថាលោក Andreas Roettger ប្រធានក្រុមការងារFPIបានបញ្ជាក់ពីការអនុម័តផ្តល់ជំនួយគាំទ្រសកម្មភាពបោសសម្អាតមីនអង្គភាពCMAC សហការដៃគូជាមួយអង្គការAPOPO មានថវិកាចំនួន១.៥៩៨.៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ១.៨លានដុល្លារអាមេរិក សម្រាប់រយ:ពេល១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។

ឯកឧត្តម ហេង រតនាបានបញ្ជាក់បន្ថែមថា”គម្រោងនេះ ត្រូវប្រតិបតិ្តការនៅខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ជំនួយនេះអាចផ្តល់លទ្ធភាពបោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង៦.០០០ហិកតា ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌ”៕
ដោយ៖មករា





