សិក្ខាកាមមកពីប្រទេសអាស៊ានធ្វើទស្សនកិច្ចសិក្សានៅខេត្ត Anhui ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យប្រព័ន្ធផ្សព្វផ្សាយថ្មី និងសោតទស្សន៍តាមអ៊ីនធឺណិត
AKP ទីក្រុង Hefei, ខេត្ត Anhui ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- នៅក្នុងបេសកកម្មបន្តនៃវគ្គបណ្តុះបណ្តាល «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន ព្រមទាំងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ បានចូលរួមក្នុងជំនួបផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សាមួយយ៉ាងសំខាន់នៅទីក្រុង Hefei ខេត្ត Anhui ក្រោមការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកម្មវិធីជំនួបនេះដែរ បានផ្តោតសំខាន់លើ «ការកសាងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយថ្មីសម្រាប់មន្ត្រីស្ត្រី» និង «ការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់»។
ក្នុងឱកាសស្វាគមន៍ចំពោះសិក្ខាកាមទាំងអស់ លោក Chen Ping ប្រធានសមាគម Anhui Online Audio-Visual Association ខេត្ត Anhui បានគូសបញ្ជាក់ថា ខេត្ត Anhui គឺជាទឹកដីដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌យូរអង្វែង ឆ្លងកាត់តំបន់ទន្លេ Yangtze និង Huai ដោយមានទីក្រុងប្រវត្តិសាស្ត្រ និងវប្បធម៌ថ្នាក់ជាតិចំនួន ៧, ទីតាំងបេតិកភណ្ឌពិភពលោក UNESCO ចំនួន ៣, បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ UNESCO ចំនួន ៧, ព្រមទាំងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ៩៩ និងសិល្បៈប្រជាប្រិយជាច្រើន ដូចជាល្ខោន Huangmei ជាដើម។

លោកបន្ដថា ទន្ទឹមនឹងវប្បធម៌បុរាណដ៏សម្បូរបែប ខេត្ត Anhui ក៏បានបោះជំហានយ៉ាងរហ័សក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ខណៈបច្ចុប្បន្ន ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយសំឡេង និងរូបភាពតាមអ៊ីនធឺណិតនៅក្នុងខេត្តនេះមានក្រុមហ៊ុនជាង ២ ០០០ ក្រុមហ៊ុន, បុគ្គលិកជាង ៥០ ០០០ នាក់ និងមានអ្នកប្រើប្រាស់រហូតដល់ទៅជាង ៤៥ លាននាក់។ លោកប្រធានបានឱ្យដឹងទៀតថា ការអភិវឌ្ឍនេះស្របពេលដែលវិស័យនេះទូទាំងប្រទេសចិន កំពុងមានអ្នកប្រើប្រាស់សរុបប្រមាណ ១ ០៩៩ ប៊ីលាននាក់ និងទំហំទីផ្សារលើសពី ១.២៨ ទ្រីលានយ័ន។

លោក Chen Ping បានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចសិក្សានេះ ប្រតិភូទាំងអស់ក៏បានចូលទស្សនា ឧទ្យានឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត Ziyunshan (Baohe) ដែលជាមជ្ឈមណ្ឌលពិសោធន៍ថ្នាក់ជាតិដ៏សំខាន់របស់ចិន សម្រាប់ការធ្វើសមាហរណកម្មវប្បធម៌ និងបច្ចេកវិទ្យា ព្រមទាំងការច្នៃប្រឌិតបច្ចេកវិទ្យាវិទ្យុ ទូរទស្សន៍ និងភាពយន្ត។ ទន្ទឹមនេះ ឧទ្យានដែលមានផ្ទៃដី ៧៩ គីឡូម៉ែត្រការ៉េមួយនេះ ត្រូវបានសម្ពោធកាលពីខែមីនា ឆ្នាំ ២០២៥ ដោយបច្ចុប្បន្នប្រមូលផ្តុំទៅដោយសហគ្រាសវប្បធម៌ និងឌីជីថលលើសពី ៨,០០០ ក្រុមហ៊ុន។ ក្នុងរយៈពេលត្រឹមតែជាង ១ ឆ្នាំ បន្ទាប់ពីការសម្ពោធ សហគ្រាសទាំងនេះបានបង្កើតប្រាក់ចំណូលសរុបចំនួន ៦៥.៥ ប៊ីលានយ័ន (កើនឡើងជាង ២២% ប្រៀបធៀបនឹងឆ្នាំមុន) និងមានទិសដៅរុញច្រានទំហំឧស្សាហកម្មឱ្យដល់លើសពី ១០០ ប៊ីលានយ័ន នៅត្រឹមឆ្នាំ ២០២៧។

លោកប្រធានសមាគមរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ទោះបីជាមានគម្លាតភូមិសាស្ត្រយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នានឹងក្លាយជាស្ពានចម្លងទំនាក់ទំនងរវាងខេត្ត Anhui និងពិភពលោក។ លោកបានចាត់ទុកថា សម្រាប់ជំនួបផ្លាស់ប្តូរ និងទស្សនកិច្ចសិក្សានេះត្រូវបានរំពឹងថានឹងក្លាយជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ ក្នុងការជំរុញវិស័យប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មឌីជីថលឱ្យកាន់តែរីកចម្រើនជាបន្តទៀត៕
ដោយ៖ ទូច វលក័្ខណ





