លោក ត្រាំ នឹងជួបពិភាក្សាជាមួយមេដឹកនាំតំបន់ឈូងសមុទ្រអំពីបញ្ហាអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមការរាយការណ៍របស់សារព័ត៌មានអនឡាញអាមេរិក Axios កាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំនៃបណ្តាប្រទេសតំបន់ឈូងសមុទ្រនៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។
របាយការណ៍នោះបានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងផ្តោតលើគំនិតរបស់សហរដ្ឋអាមេរិកសម្រាប់យុទ្ធសាស្ត្រក្រោយបញ្ចប់សង្គ្រាម។
ដោយដកស្រង់ប្រភពព័ត៌មាន របាយការណ៍បានឱ្យដឹងថា លោក ត្រាំត្រូវបានគេរំពឹងថានឹងជួបជាមួយមេដឹកនាំ ឬរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ៦ នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលរួមមាន៖ ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន គុយវ៉ែត និងអូម៉ង់។ ក្រសួងការបរទេសអាមេរិកបានផ្ញើលិខិតអញ្ជើញជាបឋមរួចហើយកាលពីថ្ងៃពុធ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា លោក ត្រាំ និងក្រុមការងារជាន់ខ្ពស់របស់លោក កំពុងរៀបចំផែនការសម្រាប់ដំណាក់កាលក្រោយបញ្ចប់សង្គ្រាម ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
សារព័ត៌មាន Axios ក៏បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានពីអ៊ីស្រាអែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏ចង់ជួបជាមួយលោក ត្រាំ នៅទីក្រុងញូវយ៉កដែរ ប៉ុន្តែមិនទាន់មានការកំណត់ពេលវេលាសម្រាប់កិច្ចប្រជុំណាមួយនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





