សិក្ខាកាមមកពីប្រទេសអាស៊ាន ធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីប្រវត្តិសាស្ត្រអាគាររដ្ឋបាលក្រសួងហិរញ្ញវត្ថុបុរាណនៅច្រកទ្វារជូយ៉ុងគ័ន នៃមហាកំពែងចិន
AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ --នៅក្នុងបេសកកម្មបន្តនៃវគ្គបណ្តុះបណ្តាល «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន បានចុះធ្វើទស្សនកិច្ចសិក្សាការងារនៅតំបន់បេតិកភណ្ឌពិភពលោកគឺ មហាកំពែងចិន ដែលជាសំណង់ការពារជាតិវែងជាងគេក្នុងពិភពលោក ត្រង់ចំណុច ច្រកទ្វារ Juyong Pass ។

ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នេះ សិក្ខាកាមបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅអំពី «អាគាររដ្ឋបាលក្រសួងហិរញ្ញវត្ថុ» (Ministry of Finance Administrative Building) ដែលជាការិយាល័យអចិន្ត្រៃយ៍របស់ក្រសួងហិរញ្ញវត្ថុចិន ក្នុងរជ្ជកាលរាជវង្សមីង (Ming Dynasty) សម្រាប់គ្រប់គ្រងកិច្ចការថវិការដ្ឋ កិច្ចការប្រមូលពន្ធ និងសេដ្ឋកិច្ចនៅតំបន់ច្រកទ្វារការពារជាតិមួយនេះ។

តាមការបញ្ជាក់ពីមគ្គុទ្ទេសក៍ទេសចរណ៍បានឱ្យដឹងថា លក្ខណៈស្ថាបត្យកម្ម និងព័ត៌មានប្រវត្តិសាស្ត្រសំខាន់ៗ រួមមាន៖ ការកសាង និងជួសជុល៖ អាគាររដ្ឋបាលនេះត្រូវបានធ្វើការជួសជុល និងរៀបចំឡើងវិញយ៉ាងប្រណិតនៅក្នុងឆ្នាំទី១០ នៃរជ្ជកាលចេងតឺ (Zhengde) ត្រូវនឹងឆ្នាំ១៥១៥ នៃគ.ស។ រចនាសម្ព័ន្ធប្លង់អាគារ៖ សំណង់នេះត្រូវបានរៀបចំឡើងតាមបទដ្ឋានស្ថាបត្យកម្មរដ្ឋបាលបុរាណ ដោយមានសាលធំ (Main Hall) នៅចំកណ្តាលសម្រាប់ធ្វើការ និងប្រជុំកិច្ចការរដ្ឋ បំពាក់ដោយទ្វារធំជាន់ៗ (Heavy Gates) នៅផ្នែកខាងមុខ ឯផ្នែកខាងក្រោយជា បន្ទប់សម្រាក (Bedrooms)។ តំបន់ស្នាក់នៅរបស់មន្ត្រី៖ ផ្នែកខាងឆ្វេង និងខាងស្តាំនៃសាលធំ ត្រូវបានបែងចែកជាផ្ទះ និងកន្លែងស្នាក់នៅផ្លូវការ សម្រាប់មន្ត្រីរាជការបម្រើការងារនៅក្នុងការិយាល័យនេះ។

សូមរម្លឹកផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើឡើងក្រោមការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន ដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) និងរៀបចំដោយក្រុមហ៊ុន China Broadcasting International Economic and Technical Cooperation Co., Ltd. (CBIC)៕
ដោយ៖ ទូច វលក្ខ័ណ





