ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគស្របច្បាប់នៅរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម ឃួង ស្រេង បានអំពាវនាវឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគស្របច្បាប់នៅរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍កាន់តែច្រើន បង្កើនជីវភាពប្រជាពលរដ្ឋកាន់តែធូរធារបានមួយកម្រិតទៀត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ខណៈឯកឧត្ដម និងឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលរួមពិធីសម្ពោធផ្លូវការសណ្ឋាគារឡាវីអា(LAVIA HOTEL) ដែលមានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) នៅរាជធានីភ្នំពេញនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹងជាមួយនឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អ ចំពោះការវិនិយោគទាំងអស់។

ឯកឧត្តមបន្តថា នេះជាសញ្ញាមួយក្នុងការទាក់ទាញទេសចរឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ប្រទេសកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ខ្លួនឱ្យសម្រេចគោលដៅ រក្សាបានកំណើនសេដ្ឋកិច្ចជាតិ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ ព្រមទាំងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យលើគ្រប់វិស័យបន្ថែមទៀត យើងគ្រប់គ្នាត្រូវរួមគ្នារក្សាឱ្យបានសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។ ការទាក់ទាញអ្នកវិនិយោគឱ្យបានច្រើនមកបោះទុនវិនិយោគស្របច្បាប់នៅកម្ពុជា ហើយរដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនជា ស្រេចដើម្បីផ្តល់ការគាំទ្រជានិច្ច។

លោក លី យីងអាន អគ្គនាយកក្រុមហ៊ុន លី អាន អិមស៊ី បានឱ្យដឹងថា សណ្ឋាគារឡាវីអា (LAVIA HOTEL) ជាសណ្ឋាគារផ្កាយ៤ មានបន្ទប់គេងចំនួន ៧៩បន្ទប់ មានភោជនីដ្ឋាន សាលសន្និសីទ កន្លែងជប់លៀង មានស្កាយបា ស្ទីម និងអាងហែលទឹក ប្រកបដោយប្រណិតភាព។ ការបង្កើតឱ្យមានសណ្ឋាគារឡាវីអា (LAVIA HOTEL) គឺពិតជាបានចូលរួចចំណែកក្នុងការលើកស្ទួយ វិស័យទេសចរណ៍នៅកម្ពុជា ហើយក៏ជួយបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាផងដែរ៕

ដោយ សួស សំរិត





