មូលនិធិ SDF ជួបពិភាក្សាជាមួយ CJCC និង CJDM ដើម្បីពង្រឹងនិងពង្រីកការអភិវឌ្ឍជំនាញ វិស្វកម្មឧស្សាហកម្ម និងផលិតភាពស្របតាមស្តង់ដាអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និហិរញ្ញវត្ថុ រួមជាមួយសហការី បានចុះទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ក្នុងគោល បំណងពង្រឹង និងពង្រីកកិច្ចសហការលើការអភិវឌ្ឍជំនាញវិស្វកម្មឧស្សា ហកម្ម និងជំនាញផលិតភាព ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ។

ក្នុងជំនួបជាមួយ CJCC ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានពិនិត្យវឌ្ឍនភាពនៃកិច្ចសហការកន្លងមក ព្រមទាំងពិភាក្សាលើគម្រោងអភិវឌ្ឍន៍ជំនាញនៅតំបន់សេដ្ឋកិច្ចពិសេស និងសំណើគម្រោងថ្មីៗ។ ជាទិសដៅបន្ត CJCC នឹងជំរុញការសិក្សាស្វែងយល់ពីតម្រូវការជាក់ ស្តែងលើជំនាញបង្កើនផលិតភាព និងជំនាញទន់ ជាមួយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងជាមួយស មាគមធុរកិច្ចធំៗ និងសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs) ផ្សេងទៀត ដើម្បីឆ្លើយតបឱ្យចំតម្រូវការរបស់វិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក។

ដោយឡែក ក្នុងជំនួបជាមួយ CJDM ឯកឧត្តម គី សុខគីម បានគូសបញ្ជាក់ថា «ការជំរុញឧស្សាហកម្មកម្ពុជាទៅកាន់យុគសម័យ ៤.០ ទាមទារកម្លាំងពលកម្មជំនាញកម្រិតមធ្យមទៅខ្ពស់ ពិសេសផ្នែកវិស្វកម្មឧស្សាហកម្ម ដើម្បីគាំទ្រដល់វិស័យកម្មន្តសាលទំនើប»។ ជាជំហានបន្ទាប់ SDF នឹងជួយតភ្ជាប់ CJDM ទៅកាន់តម្រូវការទីផ្សារជាក់ស្តែង ដើម្បីពង្រីកការបណ្តុះបណ្តាលដល់និស្សិត បុគ្គលិកក្រុមហ៊ុន និងគ្រូបណ្តុះបណ្តាល សំដៅធានាការផ្គត់ផ្គង់ទាំងគុណភាព បរិមាណ និងក្នុងទ្រង់ទ្រាយធំ ព្រមទាំងបង្កើនផលិតភាព សុវត្ថិភាព និងតម្លៃប ន្ថែមដល់ខ្សែច្រវាក់ផលិតកម្មជាតិ។

បន្ទាប់ពីជំនួបពិភាក្សា ក្រុមការងារ SDF បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារបច្ចេកវិទ្យា និងបន្ទប់បណ្តុះ បណ្តាលជាក់ស្តែងរបស់ CJCC និង CJDM។ ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង SDF ជាមួយស្ថាប័នដៃគូឱ្យកាន់តែស្អិតល្មួត ដើម្បីបង្កើតឱ្យមានលទ្ធផលជាក់ស្តែង ក្នុងការរួមចំណែកកសាងមូលធនមនុស្ស និងជំរុញឧស្សាហកម្មកម្ពុជាឱ្យរីកចម្រើនប្រកបដោយភាពប្រកួត ប្រជែង និងចីរភាព៕
ដោយ៖ ណយ នឿន (ប្រភព៖SDF)





