លោកជំទាវ ពុំ ចន្ទីនី អនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុនចំនួន ២រូប ចូលជួបសម្តែងការគួរសម និងទទួលយកអនុសាសន៍ណែនាំ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជានាព្រឹកថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

និស្សិតជ័យលាភីទាំងពីររូបរួមមាន៖ កញ្ញា យ៉ាង បញ្ញា គ្រូបង្រៀនកម្រិតឧត្តម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានអាហារូបករណ៍លើជំនាញ វិស្វកម្មដឹកជញ្ជូន និងរៀបចំទីក្រុង។ កញ្ញា នេត ម៉ារីនិច គ្រូបង្រៀនកិច្ចសន្យា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានអាហារូបករណ៍លើជំនាញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំណីអាហារ។
ការចូលជួបសម្តែងការគួរសមនេះ គឺក្នុងគោលបំណងស្នើសុំការគាំទ្រដ៏ថ្លៃថ្លាពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការឧបត្ថម្ភសម្ភារសិក្សា និងការចំណាយផ្សេងៗសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាលើកដំបូង។

គួរជម្រាបផងដែរថា អាហារូបករណ៍នេះ គឺស្ថិតក្រោមគម្រោង AUN/SEED-Net-JICA ដែលមានគោលដៅលើកកម្ពស់ការសិក្សា និងអភិវឌ្ឍធនធានមនុស្សលើវិស័យវិស្វកម្ម (STEM)។
លោកជំទាវអគ្គលេខាធិការ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើកោតសរសើរ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់និស្សិតទាំងពីររូប ព្រមទាំងបានជម្រាបជូនពីបេសកកម្មមនុស្សធម៌ និងវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ស្របតាមទិសយុទ្ធសាស្ត្រ ២០២១-២០៣០។
លោកជំទាវក៏បានជូនពរឱ្យនិស្សិតជ័យលាភីទទួលបានជោគជ័យក្នុងការសិក្សា និងមានសុខសុវត្ថិភាពល្អក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន។

ជាការឆ្លើយតប និស្សិតជ័យលាភីទាំងពី ររូបបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹក នាំកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់។ ទន្ទឹមនឹងនេះក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹង ដើម្បីត្រឡប់មកចូលរួមអភិវឌ្ឍសង្គមជាតិវិញនៅពេលអនា គត៕
ដោយ៖ ពេជ្រ សំអឿន,ប្រភព៖កាកបាទក្រហមកម្ពុជា





