ការព្រមានទាន់ពេល គឺជាខែលការពារអាយុជីវិត៖ ខេត្តបន្ទាយមានជ័យចាប់ផ្តើមអនុវត្តគម្រោង «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា»
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៦--ការផ្តល់ព័ត៌មានព្រមានឱ្យបានទាន់ ពេលវេលា និងទៅដល់ប្រជាពលរដ្ឋគ្រប់រូប មិនត្រឹមតែជាការជូនដំណឹងអំពីគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែជាវិធានការសំខាន់ក្នុងការជួយឱ្យសហគ មន៍មានពេលវេលាត្រៀមខ្លួន ជម្លៀសខ្លួន និងការពារអាយុជីវិត និងទ្រព្យស ម្បត្តិ មុនពេលគ្រោះមហន្តរាយកើតឡើង។ នេះជាខ្លឹមសារសំខាន់ដែលត្រូវបានលើកឡើងក្នុងវគ្គសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា (EW4ALL)» នៅកម្ពុជា។

សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយ មានជ័យ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី នង រតនា ប្រធានផ្នែកគ្រប់គ្រង និងត្រួតពិនិត្យកម្មវិធី តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រ ជាជាតិ (UNDP) អញ្ជើញជាអធិបតី ភាព។ 
វគ្គសិក្ខាសាលានេះមានការចូលរួមពីអភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូពាក់ព័ន្ធ លោកមេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូប ដើម្បីរួមគ្នាពិភាក្សា និងស្វែងយល់ពីទិសដៅនៃការអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលផ្តោតលើការធានាថា ព័ត៌មានព្រមានអំពីគ្រោះម ហន្តរាយអាចទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងអាចយកទៅអនុវត្តបានជាក់ស្តែង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ គីមហុង បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោង «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា» ដោយចាត់ទុកថា ប្រព័ន្ធព្រមានមុនមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ។ ការព្រមានឱ្យបានឆាប់ និងត្រឹមត្រូវ នឹងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានអាចចាត់វិធានការឆ្លើយតបបានមុនពេលហានិភ័យប្រែក្លាយជាគ្រោះមហន្តរាយធ្ងន់ធ្ងរ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រកា សឱ្យដឹងមុនមានប្រសិទ្ធភាព មិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យា ឬប្រព័ន្ធជូនដំណឹងមួយតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការកិច្ចសហការពីគ្រប់ភាគី ចាប់ពីស្ថាប័នជាតិ អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ រហូតដល់មូលដ្ឋាន និងប្រជាពលរដ្ឋ។ ព័ត៌មានដែលមានភាពត្រឹមត្រូវ និងទាន់ពេលវេលា ត្រូវបញ្ជូនទៅដល់អ្នកដែលស្ថិតក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពការពារខ្លួនបានយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីតម្រូវការក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ដោយសារតែអាជ្ញាធរមូលដ្ឋាន និងសហគមន៍ គឺជាខ្សែសង្វាក់សំខាន់បំផុតក្នុងការនាំយកការព្រមានពីប្រព័ន្ធជាតិទៅដល់ប្រជាពលរដ្ឋដែលនៅតំបន់ងាយរងគ្រោះ។
ឯកឧត្តម ប្រាក់ គីមហុង ក៏បានជំរុញឱ្យអ្នកចូលរួមយកចំណេះដឹង និងបទពិ សោធន៍ដែលទទួលបានពីសិក្ខាសាលានេះ ទៅអនុវត្តនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាថា ប្រព័ន្ធប្រកាសឱ្យដឹងមុនមិនត្រឹមតែមាននៅលើឯកសារ ឬផែនការប៉ុណ្ណោះទេ ប៉ុន្តែអាចដំណើរ ការបានពិតប្រាកដនៅពេលមានហានិភ័ យកើតឡើង។

ចំណែកលោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី បានបង្ហាញថា ការចាប់ផ្តើមអនុវត្តគម្រោងនេះនៅខេត្តបន្ទាយមានជ័យ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន។
លោកអភិបាលរងខេត្តបានបន្តថា ការងារគ្រប់គ្រងគ្រោះមហន្តរាយមិនអាចរង់ចាំឱ្យគ្រោះកើតឡើងហើយទើបចាប់ផ្តើមឆ្លើយតបនោះទេ។ ផ្ទុយទៅវិញ ត្រូវផ្តោតលើការត្រៀមបង្ការ ការវាយត ម្លៃហានិភ័យ ការផ្តល់ព័ត៌មាន និងការប្រកាសព្រមានជាមុន ដើម្បីកាត់បន្ថយការបាត់បង់ឱ្យបានជាអតិបរមា។
លោក ឃ្លោក នួយ បានគូសបញ្ជាក់បន្ថែមថា ខេត្តនឹងបន្តជំរុញកិច្ចសហការរវាងមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យការប្រកាសព្រមានអាចទៅដល់ប្រជាពលរដ្ឋបានឆាប់រហ័ស ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ និងក្រុមប្រជាជនដែលត្រូវការការយកចិត្តទុកដាក់ពិសេស។
ជាមួយនោះ លោកស្រី នង រតនា ប្រធានផ្នែកគ្រប់គ្រង និងត្រួតពិនិត្យកម្មវិធី តំណាង UNDP បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថា គម្រោង EW4ALL អាចចូលរួមពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនរបស់កម្ពុជា និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍។
លោកស្រីបានបញ្ជាក់ថា «សម្រាប់ទាំងអស់គ្នា» មានន័យថា មិនគួរមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោលដោយគ្មានព័ត៌មានព្រមាន នៅពេលដែលគ្រោះមហន្តរាយកំពុងខិតជិតមកដល់នោះឡើយ។ ដូច្នេះ ការពង្រឹងការផ្សព្វផ្សាយ ការចែករំលែកព័ត៌មាន និងការចូលរួមរបស់សហគមន៍ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោង។

តាមរយៈសិក្ខាសាលានេះ អ្នកចូលរួមក៏បានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងពិភាក្សាអំពីតួនាទីរបស់ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់ព័ត៌មានព្រមាន ការរៀបចំផែនការត្រៀមបង្ការ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ។
ជាក់ស្តែង នៅពេលគ្រោះមហន្តរាយកើតឡើង ពេលវេលាគឺជាកត្តាសំខាន់បំផុត។ ការទទួលបានព័ត៌មានព្រមានមុនតែប៉ុន្មាននាទី ឬប៉ុន្មានម៉ោង អាចផ្តល់ឱកាសឱ្យគ្រួសារមួយចាកចេញពីតំបន់គ្រោះថ្នាក់ សង្គ្រោះកុមារ មនុស្សចាស់ និងអ្នកងាយរងគ្រោះ ព្រមទាំងការពារទ្រព្យសម្បត្តិបានមួយផ្នែក។ ដូច្នេះ ការព្រមានមុនដែលមានភាពត្រឹមត្រូវ និងទៅដល់ប្រជាពលរដ្ឋទាន់ពេល គឺជាផ្នែកមួយនៃការវិនិយោគលើសុវត្ថិភាព និងភាពធន់របស់សហគមន៍៕
ដោយ៖ឈុនសារ៉ាត





