ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសស្គេមអនឡាញមិនឱ្យកើតមានដាច់ខាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
AKP កំពង់ធំ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--លោក សាយ គឹមឡន អភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់បទល្មើសស្គេមអនឡាញមិនឱ្យកើតមានដាច់ខាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកអភិបាលស្រុកបានប្រាជ្ញាដូចនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកញ្ញានាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះសម្រេចទៅយ៉ាងមានប្រសិទ្ធភាព ត្រូវតែមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកងកម្លាំងទាំងបី និងមានការចុះសិក្សាស្រាវជ្រាវតាមដានអង្កេតនិងស្រង់ស្ថិតិឱ្យបានជាក់ស្ដែងបំផុត តាមរូបភាពតូចធំ អំពីការមកស្នាក់នៅរបស់ជនបរទេស ផ្ទះសំណាក់ឬផ្ទះជួលថ្មីៗឱ្យបានដូចភ្លៀងរលឹម ការតាំងចិត្តយ៉ាងមុតមាំ និងហ្មត់ចត់បំផុត។
ទន្ទឹមនឹងនេះ ត្រូវតែការរៀបចំផែនការសកម្មភាពនបន្ថែមទៀតដើម្បីពង្រឹងការអនុវត្ត «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក សាយ គឹមឡម បានជំរុញដល់មន្ត្រីជំនាញត្រូវបង្កើនល្បឿន និងសម្រួលនីតិវិធីលើការងារអត្រានុកូលដ្ឋាន ព្រមទាំងការផ្តល់សេវាអត្តសញ្ញាណកម្ម ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ/ស្នាក់នៅ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ហើយត្រូវបង្កើនការល្បាតដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើង និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ មច្ឆជាតិ និងការទន្ទ្រានតំបន់អភិរក្សឱ្យបានម៉ឺងម៉ាត់បំផុត។
លើសពីនេះ ប្រធានគណៈបញ្ជាការឯកភាព បានណែនាំឱ្យត្រៀមលក្ខណៈក្នុងការប្រារព្ធ ពិធីបុណ្យជាតិផ្សេងៗនាពេលខាងមុខ ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ អាជ្ញាធរបានដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍យ៉ាងតឹងរ៉ឹង ដើម្បីធានាជូនប្រជាពលរដ្ឋនូវភាពកក់ក្តៅ និងសប្បាយរីករាយក្នុងការធ្វើដំណើរទៅកាន់វត្តអារាម និងទីកន្លែងកម្សាន្តនានា។
លើសពីនេះទៀត លោកបានលើកទឹកចិត្តដល់អាជ្ញាធរក្រោមឱវាទឱ្យបន្តថែរក្សាអនាម័យ និងសម្អាតបរិស្ថានសាធារណៈ ព្រមទាំងចុះត្រួតពិនិត្យ ថែទាំប្រព័ន្ធអំពូលសូឡាតាមដងផ្លូវជាតិលេខ៦ ឱ្យមានពន្លឺភ្លឺច្បាស់ជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់សោភណភាពក្នុងស្រុក តាមការណែនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ជាចុងក្រោយ លោកបានបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរក្សា និងសុវត្ថិភាព ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន នាពេលកន្លងមក និងបានដាក់ចេញនូវទិសដៅនិងសកម្មភាពថ្មីៗជាច្រើនចំណុច ដើម្បីអភិវឌ្ឍន៍និងធានាសន្តិសុខមូលដ្ឋានជូនពលរដ្ឋ៕
ដោយ ស៊ុម វណ្ណា





