ឯកឧត្ដម នេត្រ ភក្ត្រា៖ មុខងារស្នូលរបស់ក្រសួងព័ត៌មាន គឺការដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ និងសម្របសម្រួលកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័ន
AKP កំពង់ស្ពឺ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់អំពីមុខងារស្នូលរបស់ក្រសួងព័ត៌មាន គឺការដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងសម្របសម្រួលកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី «រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន» ជូនថ្នាក់ដឹកនាំ និងសិក្ខាកាមនៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ប្រមាណជាង ៤០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិតនៅខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្ដម នេត្រ ភក្ត្រា បានលើកឡើងថា ក្រសួងព័ត៌មាន ក៏មានភារកិច្ចធានាសណ្តាប់ធ្នាប់សារព័ត៌មាន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។ ជាមួយគ្នានេះ ក្រសួងក៏ផ្តល់ និងផ្សព្វផ្សាយព័ត៌មានគ្រប់វិស័យជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគ្រប់គ្រងមាតិកាព័ត៌មាន និងការផ្សាយពាណិជ្ជកម្មស្របតាមច្បាប់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «ក្រសួងព័ត៌មានដើរតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការងារទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងព័ត៌មាន និងលំហព័ត៌មាន។ ក្រសួងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីរួមចំណែករក្សាសន្តិសុខព័ត៌មាន សន្តិសុខឌីជីថល និងសន្តិសុខជាតិ»។

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ទៀតថា ក្រៅពីនេះ ការងារសំខាន់ៗរបស់ក្រសួងព័ត៌មាន រួមមាន៖ ការជំរុញទំនើបកម្ម យន្តការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងការរៀបចំផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន។

សូមជម្រាបជូនថា ការធ្វើបទឧទ្ទេសនាម និងបាឋកថារបស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាននេះ មានសារៈសំខាន់ណាស់ ក្នុងបរិបទដែលវិស័យព័ត៌មានកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស ស្របពេលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់តែមានសារៈសំខាន់។ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍នេះ សិក្ខាកាមបានស្វែងយល់កាន់តែច្បាស់អំពីការងាររបស់ក្រសួងព័ត៌មាន និងការរួមចំណែកដ៏ធំធេងរបស់វិស័យព័ត៌មានក្នុងការបម្រើសង្គម និងស្ថាប័នរដ្ឋ៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





