ធនាគារពិភពលោករៀបចំវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពរបស់អង្គភាពអនុវត្តគម្រោង(PIUs) និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--ថ្នាក់ដឹកនាំ គម្រោង និងមន្រ្តី នៃអង្គភាពអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោកនៃក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "CAMBODIA/LAOS Client Operational Capacity Learning Program on Strengthening Client Capacity for Impact" ដែលរៀបចំដោយធនាគារពិភពលោក នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រី គម្រោង ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោកនៅកម្ពុជា និងសារធារណៈរដ្ឋប្រជាមានិតឡាវ ពីថ្ងៃអង្គារដល់ -ថ្ងៃព្រហស្បតិ៍ ទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៦ ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពរបស់អង្គភាពអនុវត្តគម្រោង(PIUs) និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងផ្នែកសំខាន់ៗពាក់ព័ន្ធនឹងប្រតិបត្តិការ និងការរៀបចំគម្រោង ពង្រឹងភាពត្រៀមខ្លួនសម្រាប់ការអនុវត្ត កែលម្អប្រសិទ្ធភាពនៃការអនុវត្តគម្រោង លើកកម្ពស់ការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរចំណេះដឹង ព្រមទាំងគាំទ្រដល់ការសម្រេចបាននូវ លទ្ធផលនៃការអនុវត្តន៍គម្រោងឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័ស ។

ក្នុងរយៈពេល៣ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាម បានទទួលបានចំណេះដឹងថ្មីៗបន្ថែមពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ច្រើនឆ្នាំនៅកម្រិតអន្តរជាតិ និងជាពិសេសបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តន៍គម្រោងរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតឡាវ លើផ្នែកគ្រប់គ្រងហិរញវត្ថុ ផ្នែកលទ្ធកម្ម ផ្នែកសុវត្ថិភាពសង្គម និងបរិស្ថាន ដែលនឹងរួមចំណែកក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





