រយៈពេល៣ថ្ងៃចាប់ពីថ្ងៃនេះទៅ នៅរាជធានី-ខេត្ដអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៥០ទៅ៧០ភាគរយ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- រយៈពេល៣ថ្ងៃគឺចាប់ពីថ្អៃទី១៧ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅតាមបណ្តាខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០% ដល់៧០% ។នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងទៀតថា សម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិន ខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និង លើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានឥទ្ធិពលលើតំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦រួមមាន៖
១-តំបន់វាលទំនាប៖ -សីតុណ្ហ ភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៥០%។
២-តំបន់ខ្ពង់រាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៧០%។
៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ៦០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧០ម៉ែត្រ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ សួស សំរិត





