សិក្ខាសាលាអនុវត្តគម្រោង ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា នៅខេត្តក្រចេះ និងរតនគិរី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ប្រាក់ គីមហុង អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម. បានចូលរួមជាអធិបតី និងសម្របសម្រួលសិក្ខាសាលារយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ផ្តើមអនុវត្តគម្រោង ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា នៅខេត្តក្រចេះ និងខេត្តរតនគិរី ។

លោក អគ្គលេខាធិការរង ប្រាក់ គីមហុង បានលើកឡើងថា សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណង ណែនាំអំពីគម្រោងស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានៅកម្ពុជា ដល់ថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលជាគោលដៅរបស់គម្រោង និងបង្កើតការយល់ដឹងរួមអំពីគោលបំណង លទ្ធផលសំខាន់ៗ សកម្មភាពដែលបានគ្រោងទុក យន្តការអនុវត្ត និងលទ្ធផលរំពឹងទុករបស់គម្រោង ។

សិក្ខាសាលានេះ គាំទ្រដោយ មូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈ UNDP ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាង UNDP ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងបរិស្ថាន, ក្រុង-ស្រុក និងឃុំ-សង្កាត់ ៕

ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





