មូលនិធិ SDF ចូលរួមអភិវឌ្ឍជំនាញ ដើម្បីផ្ទេរបច្ចេកវិទ្យា និងបង្កើនការផ្លាស់ប្តូរទៅប្រើថាមពលស្អាត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ មូលនិធិ SDF នៅថ្ងៃទី១៦ ខែកញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងសន្និសីទស្តីពី «ជំនាញថាមពលស្អាត ការកសាងកម្លាំងពលកម្មជំនាញក្នុងវិស័យថាមពលស្អាតសម្រាប់អនាគតនៅកម្ពុជា» នៃព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលី អង្គការ EnergyLab Asia និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គី សុខគីម បានគូសបញ្ជាក់ថា ថាមពលស្អាតមិនត្រឹមតែជាការផ្លាស់ប្តូរប្រភពថាមពលប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរទម្រង់នៃកម្លាំងពលកម្ម និងអាជីវកម្ម។ ថាមពលពន្លឺព្រះអាទិត្យ អាគុយ និងយានយន្តអគ្គិសនី បង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ ប៉ុន្តែមនុស្សដែលមានជំនាញច្បាស់លាស់ គឺជាអ្នកប្រែក្លាយឱកាសទាំងនោះទៅជា ផលិតភាព សុវត្ថិភាព ការងារប្រកបដោយគុណភាព និងភាពប្រកួតប្រជែងរបស់សហគ្រាស។

ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរនេះ SDF បានដាក់បញ្ចូលវិស័យថាមពលស្អាតជាវិស័យអាទិភាព ដោយផ្តោតលើទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះសំខាន់ៗរួមមាន ជំនាញត្រូវតម្រូវការ និងទាន់ពេលវេលា SDF ផ្សារភ្ជាប់និយោជកជាមួយគ្រឹះស្ថានបណ្តុះបណ្តាលដែលមានសមត្ថភាព ផ្តល់សហហិរញ្ញប្បទានដល់ការបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការទីផ្សារ ព្រមទាំងជំរុញឱ្យវិស័យឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវលើលទ្ធផល ។

សមិទ្ធផលជាក់ស្តែង និងភាពជាម្ចាស់របស់វិស័យឯកជន៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ SDF បានគាំទ្រការបណ្តុះបណ្តាលសិក្ខាកាមសរុបជាង ១០១ ៥០០ នាក់ ក្នុងទំហំថវិកាប្រមាណ ៥១ លានដុល្លារអាមេរិក ក្នុងនោះ ៤៦ភាគរយ ជាការរួមចំណែកផ្ទាល់ពីសហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាល ។ ការវាយតម្លៃឯករាជ្យចុងក្រោយបានបង្ហាញថា សហគ្រាស ៨៩ភាគរយ បានរាយការណ៍ពីកំណើនផលិតភាព និង ៨៣% ទទួលបានផលចំណេញត្រឡប់មកវិញវិជ្ជមាន ពីការវិនិយោគលើការបណ្តុះបណ្តាលនេះ។
គំរូជោគជ័យជាក់ស្តែងលើវិស័យយានយន្តអគ្គិសនី តាមរយៈកិច្ចសហការជាមួយអង្គការ ILO និងដៃគូវិទ្យាស្ថាន TVET នៅប្រទេសចិន, SDF បានគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោលកម្ពុជាចំនួន ៦០ នាក់ លើជំនាញត្រួតពិនិត្យ ថែទាំ និងជួសជុលរថយន្តអគ្គិសនី។ គ្រូបង្គោលទាំងនេះ នឹងផ្ទេរចំណេះដឹងបន្តដល់សិស្ស និងកម្មករយ៉ាងតិច ១ ០០០ នាក់ត្រឹមឆ្នាំ២០២៩ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធជំនាញជាតិ ស្របតាមគោលនយោបាយយានយន្តអគ្គិសនី និងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតនៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្តម គី សុខគីម បានសង្កត់ធ្ងន់ថា «SDF ប្តេជ្ញាអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាឱ្យដើរទន្ទឹមគ្នានឹងបច្ចេកវិទ្យា ដើម្បីកសាងអន្តរកាលថាមពលស្អាតមួយ ដែលពលរដ្ឋទទួលបានការងារល្អប្រសើរ ហើយធុរកិច្ចក្នុងស្រុកអាចពង្រីកសក្តានុពលប្រកបដោយចីរភាព»៕
ដោយ ណយ នឿន (ប្រភព៖SDF)





