ឯកឧត្តម គីម វីរៈ ធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយនៅហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ពីទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីភាពធន់នឹងគ្រោះមហន្តរាយ (ASEAN Ministerial Conference on Disaster Resilience – AMCDR) ដែលរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានចូលរួមផ្តល់មតិយោបល់ និងអន្តរាគមន៍ក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី ដែលដឹកនាំដោយឯកឧត្តម Gilberto C. Teodoro Jr. រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការរងអាស៊ាន។

កិច្ចប្រជុំបានផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនដែលទទួលបានពីការអនុវត្តជាក់ស្តែង ការពង្រឹងការប្តេជ្ញាចិត្តរួម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការត្រៀមបង្ការ កាត់បន្ថយហានិភ័យ ឆ្លើយតប និងស្តារឡើងវិញពីគ្រោះមហន្តរាយ ព្រមទាំងការកសាងភាពធន់របស់សហគមន៍ និងប្រជាជននៅទូទាំងតំបន់។

ជាមួយគ្នានេះ «សេចក្តីប្រកាសទីក្រុងម៉ានីល ស្តីពីការជំរុញរបៀបវារៈភាពធន់នឹងគ្រោះមហន្តរាយរបស់អាស៊ាន ឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះ» (Manila Declaration on Advancing ASEAN’s Disaster Resilience Agenda towards 2030 and Beyond) ត្រូវបានរៀបចំក្នុងក្របខណ្ឌកិច្ចប្រជុំ AMCDR បានអនុម័តជាផ្លូវការ ដោយប្រធានអង្គប្រជុំ។

បន្ទាប់ពីនោះឯកឧត្តម គីម វីរៈ បានបន្តចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាកម្រិតបច្ចេកទេសនានា ដែលផ្តោតលើការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ មេរៀនដែលទទួលបាន និងអនុសាសន៍ពីអ្នកជំនាញ និងតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងសហគមន៍អន្តរជាតិ ស្របតាមទិសដៅ និងគោលបំណងយុទ្ធសាស្ត្ររបស់ ADMMER។
ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម គីម វីរៈ ក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងប្រទេសអាស៊ាន ព្រមទាំងដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងបន្តជំរុញភាពជាដៃគូក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្រិតតំបន់។ ឯកឧត្តម ក៏បានអញ្ជើញចូលរួមក្នុង កម្មវិធីបិទកិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម Gilberto C. Teodoro Jr. រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ព្រមទាំងរដ្ឋមន្ត្រី តំណាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន។
ក្នុងឱកាសនៃពិធីបិទមានការប្តេជ្ញាចិត្តរួមរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបន្តអនុវត្តកម្មវិធីការងារ ADMMER និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព ចំពោះហានិភ័យ និងបញ្ហាប្រឈមពីគ្រោះមហន្តរាយ ដែលកំពុងវិវត្តកាន់តែស្មុគស្មាញ និងមានលក្ខណៈពហុវិស័យ។ ជារួម ការចូលរួមយ៉ាងសកម្មរបស់គណៈប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់ សាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ព្រមទាំងការចូលរួមប្រកបដោយស្ថាបនា ក្នុងការពង្រឹងយន្តការ និងក្របខណ្ឌសហប្រតិបត្តិការតំបន់ សម្រាប់ការត្រៀមបង្ការ ការកាត់បន្ថយហានិភ័យ ការឆ្លើយតប និងការកសាងភាពធន់នឹងគ្រោះមហន្តរាយ។
ក្នុងនាមកម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ដោយផ្តោតលើការការពារជីវិត សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ប្រជាជន ព្រមទាំងការរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលមានភាពធន់ សុវត្ថិភាព និងមានសមត្ថភាពប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមពីគ្រោះមហន្តរាយនាពេលអនាគត ៕
ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





