ជម្រើសជាតិបាល់ទាត់លើតុកម្ពុជាត្រៀមការប្រកួតកីឡាអាស៊ី នៅថ្ងៃស្អែក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោកស្រី ងួន ច័ន្ទបូរមី គ្រូបង្វឹកជម្រើសជាតិកីឡាបាល់ទាត់លើតុកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រុមជម្រើសជាតិបាល់ទាត់លើតុកម្ពុជាកំពុងហ្វឹកហាត់ត្រៀមការប្រកួតផ្លូវកា នាថ្ងៃទី១៧ ខែកញ្ញា ស្អែកនេះ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ដែលពិធីបើកផ្លូវការនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី១៩ ខែកញ្ញា និងពិធីបិទជាផ្លូវការគ្រោងនឹងធ្វើឡើង នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។

លោកស្រី ងួន ច័ន្ធបូរមី បានលើកឡើងថា សម្រាប់នៅថ្ងៃនេះនឹងប្រជុំបច្ចេកទេស និងចាប់ឆ្នោត ព្រមទាំងហ្វឹកហាត់ផ្លូវការ បន្ទាប់មកនៅថ្ងៃស្អែកនេះនឹងត្រូវចាប់ផ្តើមប្រកួតទាំងអស់តែម្តងជាបន្តបន្ទាប់ ខណៈក្រុមកម្ពុជានឹងត្រូវប្រកួតនៅល្ងាចថ្ងៃស្អែក លើវិញ្ញាសាទាត់គូនារី។ នៅថ្ងៃបន្ទាប់ត្រូវប្រកួតឯកត្តជននារី និងប្រកួតវិញ្ញាសាទាត់គូចម្រុះ។

គ្រូជម្រើសជាតិបាល់ទាត់លើតុកម្ពុជារូបនេះមិនដាក់ក្តីសង្ឃឹមខ្ពស់ពេកទេ ក្នុងការឈ្នះមេដាយ ប៉ុន្តែលើកបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករ កីឡាការិនីកម្ពុជាថានឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព។ គ្រូបង្វឹករូបនេះបញ្ជាក់ថា ការហ្វឹកហាត់ត្រៀមនេះបានចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២៦មកម្លេះ ដោយសារតែត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ ឆ្នាំ២០២៦ នៅប្រទេសចិន កន្លងទៅ ដោយឈ្នះមេដាយសំរឹទ្ធ១គ្រឿងលើវិញ្ញាសាវាយគូនារី។ ការត្រៀមចូលរួមប្រកួតកីឡាអាស៊ី នៅសជប៉ុន ក្នុងខែកញ្ញានេះ ក្រុមជម្រើសជាតិបាល់ទាត់លើតុកម្ពុជាមាន៤នាក់ គឺកីឡាករម្នាក់ និងកីឡាការិនី៣នាក់ ត្រៀមប្រកួតលើ៣វិញ្ញាសា គឺវិញ្ញាសាទាត់គូចម្រុះ ទាត់ឯកត្តជននារី និងទាត់គូនារី។ ដោយសារតែការប្រកួតកីឡាអាស៊ី គឺជាព្រឹត្តិការណ៍ធំកម្រិត៤៥ប្រទេស ហើយអត្តពលិកខ្លាំងៗ ដូច្នេះគ្រូបង្វឹករូបនេះមិនដាក់ក្តីសង្ឃឹមខ្ពស់ពេកទេ ក្នុងការឈានដល់កម្រិតមេដាយ ប៉ុន្តែលោកស្រី រួមទាំងអត្តពលិកប្តេជ្ញាប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឱ្យបានលទ្ធផលល្អជូនជាតិ។

គួរបញ្ជាក់ថា បាល់ទាត់លើតុជាប្រភេទកីឡា១ក្នុងចំណោម១៤ប្រភេទកីឡារបស់កម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ ក្នុងខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ ប្រតិភូកីឡាកម្ពុជាមានថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១០៦នាក់ ដោយចេញដំណើរជាបន្តបន្ទាប់ពីកម្ពុជាឆ្ពោះទៅប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ីមួយនេះ៕
ដោយ ហេង ណាលីន





