ចាប់តាំងពីឆ្នាំ២០០០ មក សហរដ្ឋអាមេរិកបានវិនិយោគថវិកាជាង ៥២ លានដុល្លារ លើបេសកកម្មរបស់អង្គការ HALO ដើម្បីបោសសម្អាតមីន នៅទូទាំងប្រទេសកម្ពុជា
AKP សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- បើគិតអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការសកម្មភាពមីន រវាងសហរដ្ឋអាមេរិក និងកម្ពុជា បានប្រែក្លាយពីដីដែលមានគ្រោះថ្នាក់ ឱ្យទៅជាទីកន្លែងមានសុវត្ថិភាព ក៏ដូចជាផ្តល់ផលប្រយោជន៍សម្រាប់សហគមន៍មូលដ្ឋាន។

ក្នុងអំឡុងដំណើរទស្សនកិច្ចក្នុងខេត្តសៀមរាប លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកប្រចាំ កម្ពុជា បានអញ្ជើញទៅជួបក្រុមការងារអង្គការ HALO Trust ដើម្បីពិនិត្យមើលពីគម្រោងគាំទ្ររបស់សហរដ្ឋអាមេរិកកំពុងជួយដល់ការងារបោសសម្អាតមីនដែលកំពុងបន្ត។

បើតាមលោកស្រី Aleks Zittle បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ មក សហរដ្ឋអាមេរិកបានវិនិយោគថវិកាជាង ៥២ លានដុល្លារ លើបេសកកម្មរបស់អង្គការ HALO នៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ បានបោសសម្អាតចម្ការមីនជិត ២ ៨០០ កន្លែង កម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១៤២ ០០០ គ្រាប់ និងបានប្រគល់ដីទំហំជាង ២២៧ គីឡូម៉ែត្រក្រឡា ដែលមានទំហំប្រហាក់ប្រហែលនឹងរដ្ឋធានីវ៉ាស៊ីនតោន ជូនដល់គ្រួសារប្រជាពលរដ្ឋ សម្រាប់កសិកម្ម និងសម្រាប់សកម្មភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោកស្រីភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបន្ថែមថា ការងារដែលកំពុងបន្តនេះ បានគូសបញ្ជាក់អំពីកម្លាំងដ៏រឹងមាំ និងយូរអង្វែង នៃកិច្ចសហប្រតិបត្តិការដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងបញ្ជាក់ពីអ្វីៗដែលប្រទេសទាំងពីរអាចសម្រេចបានដោយធ្វើការរួមគ្នា៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា




