ប្រធាន FFC កាត់ខ្សែបូសម្ពោធកីឡដ្ឋានព្រះខ័នរាជស្វាយរៀងដ៏ស្រស់ស្អាត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូបើកសម្ពោធកីឡដ្ឋានព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង ថ្នាក់ដឹកនាំ មន្រ្តី ព្រមទាំងអ្នកគាំទ្រស្វាយរៀងប្រមាណ ៧ ៥០០ នាក់ បានចូលទស្សនា និងស្វាគមន៍ការប្រកួតត្រឡប់មកកាន់ទឹកដីរបស់ខ្លួនវិញ។

កីឡដ្ឋានស្វាយរៀង ត្រូវបានបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការឡើងវិញ ក្នុងពេលជាមួយគ្នា ដែលក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទ ប្រកួតសប្តាហ៍ទី២ ក្របខ័ណ្ឌជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ឆ្នាំ២០២៦-២០២៧ ដោយព្រះខ័នរាជស្វាយរៀងប្រជែងបាន៣ពិន្ទុ ក្រោយឈ្នេះក្រុមកងយោធពលខេមរភូមិន្ទ ៤-០។ នេះជាការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀងឡើងវិញ ក្រោយខកខាន១រដូវកាល កន្លងទៅ ដើម្បីជួសជុល និងកែលម្អកាន់តែទំនើប និងស្ដង់ដាជាងមុន។

កីឡដ្ឋានស្វាយរៀងបានសាងសង់កែលម្អឱ្យមានស្ដង់ដា និងធំជាងមុនប្រកបដោយគុណភាពខ្ពស់ជាមួយសោភណ្ឌភាពដ៏ស្រស់ស្អាត ដោយនៅខែកញ្ញា ឆ្នាំ២០២៦នេះ ក្លឹបព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីក្រុងពាលីសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញ។ អ្វីដែលពិសេស ការបើកដំណើរការឡើងវិញរបស់កីឡដ្ឋានស្វាយរៀងទទួលបានការគាំទ្រ និងក្តីរីករាយយ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយអ្នកគាំទ្របានចាត់ទុកកីឡដ្ឋាននេះ គឺជានិមិត្តរូប និងជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ ដែលមិនត្រឹមលើកមុខមាត់ខេត្ត តាមរយៈព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ រួមចំណែកលើកសម្រស់ព្រឹត្តិការណ៍កីឡា ការប្រកួតលីគអាជីពកម្ពុជាផងដែរ។

គួរបញ្ជាក់ថា សមិទ្ធផលនៃកីឡដ្ឋានព្រះខ័នរាជស្វាយរៀងបង្ហាញភាពទាក់ទាញជាខ្លាំង ដូចជាការពង្រីកកៅអីអង្គុយទស្សនា រហូតដល់ជាង ៧០០០នាក់ជាមួយនឹងការការធ្វើទំនើបកម្មទីលាន ការបំពាក់ប្រព័ន្ធភ្លើង LED ជុំវិញទីលាន និងតំបន់សំខាន់ៗជាច្រើនក្នុងកីឡដ្ឋាន ស្របតាមស្ដង់ដារអន្ដរជាតិ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធអមជាច្រើនទៀតផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង និង CPL)





