វគ្គបណ្ដុះបណ្ដាលស្ដីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--
សិក្ខាកាមជាតំណាងសហព័ន្ធកីឡាជាតិទាំង១៥ និងអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានកីឡា សរុបចំនួន ៤២នាក់ (នារី ៩នាក់) បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការណែនាំលើបទប្បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេក ទេស ត្រៀមរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨។

ដោយវគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងជាសកល ការធ្វើសង្គតិភាព និងស្ដង់ដាភាវូបនីយកម្មឯកសារ ការ ធានាភាពស៊ីសង្វាក់គ្នានឹងបទដ្ឋានអន្តរជាតិ និងការត្រៀមលក្ខណៈ និងសហប្រតិបត្តិការ។
ថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ ២០២៨ នៅរាជធានីភ្នំពេញ។

ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាបេសកកម្មដ៏មានអត្ថន័យសម្រាប់វិស័យកីឡាកម្ពុជា ព្រមទាំងជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសមត្ថភាព សក្ដានុពល និងកិត្យានុភាពរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។
ឯកឧត្តមបានបន្តថា ដោយផ្អែកលើបរិបទនៃការរីកចម្រើននៃវិស័យកីឡានៅកម្ពុជា ក៏ដូចជាក្នុងតំបន់ និងលើឆាក អន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានអង្គភាពជំនាញ និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាជាសេនាធិការ បាន និងកំពុងជំរុញកំណែទម្រង់យ៉ាងស៊ីជម្រៅលើការងារកីឡានៅក្នុងគ្រឹះ ស្ថានឧត្តមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេស ចាប់តាំងពីការរៀបចំកម្មវិធីហ្វឹកហាត់កីឡាក្រៅម៉ោងសិក្សា រហូតដល់ការរៀបចំការប្រកួតកីឡាគ្រប់កម្រិត ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកំណែទម្រង់ការរៀបចំ និងការគ្រប់គ្រងការប្រកួតកីឡាគ្រប់កម្រិតឱ្យមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈជាហ្គេម ដោយផ្ដោតលើចំណុចសំខាន់ៗនានា។
ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹក ចិត្តដល់នាយក នាយករងបច្ចេកទេស និងតំណាងសហព័ន្ធកីឡាជាតិទាំង១៥ ឱ្យយកចិត្តទុកដាក់ និងត្រង់ត្រាប់ស្ដាប់ការណែនាំរបស់គ្រូឧទ្ទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងរួមសហការគ្នាក្នុងការតាក់តែង និងរៀបចំបទបញ្ជាបច្ចេកទេស សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ត្រឹមត្រូវ និងមានស្ដង់ដាខ្ពស់បំផុត ដោយបានបញ្ជាក់ថា ការចូលរួមរបស់សហព័ន្ធកីឡាជាតិទាំង១៥ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធានាគុណភាពការងារបច្ចេកទេស និងភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតអាស៊ានដ៏មានកិត្យានុភាពនេះ ព្រមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសមត្ថភាព ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិប្រកបដោយវិជ្ជាជីវៈ និង
ស្ដង់ដាខ្ពស់៕
ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងអប់រំ





