ឯកឧត្តម វ៉ាត់ ចំរើន៖ ការថយចំនួនអត្តពលិក មិនមែនជាការថយចំនួនមេដាយនោះទេ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--
ការថយចំនួនអត្តពលិក មិនមែនមានន័យថា ជាការថយចំនួនមេដាយនោះទេ ពីព្រោះការថយចំនួនអត្តពលិកនេះ គឺជាការចម្រាញ់យកកីឡាករ កីឡាការិនីនៅតាមប្រភេទកីឡានីមួយៗ ដែលអាចប្រកួតប្រជែងបាន។

នេះជាការពន្យល់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងបទសម្ភាសន៍មួយ ក្នុងឱកាសដែលប្រតិភូកីឡាកម្ពុជាត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ដោយពិធីបើកជាផ្លូវការគ្រោងធ្វើឡើងពីថ្ងៃទី១៩ ខែកញ្ញា និងពិធីបិទ ធ្វើឡើងនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមអគ្គលេខាធិការ NOCC បន្ថែមថា ការថយចំនួនប្រតិភូ អត្តពលិក គឺមិនមែនជាការវិភាគថា ចំនួនមេដាយនឹងថយចុះនោះឡើយ ដោយអាចថាបានមេដាយលើសមុន ឬអាចប្រហាក់ប្រហែលមុន ដែលមិនអាចទស្សន៍ទាយបានមុនឡើយ។ នៅក្នុងកីឡា គឺពិបាកទស្សន៍ទាយរឿងមេដាយ ដែលអាចត្រឹមដាក់ក្តីរំពឹងទុកថាអាចមានឱកាសឈានទៅរកមេដាយបាន។ ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់ហ៊ានទស្សន៍ទាយទុកមុនថា ពិតជាយកមេដាយនេះ ឬមេដាយនោះបាន អ្នកនោះមិនមែនជាអ្នកបច្ចេកទេសកីឡានោះទេ។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា ក្រោយទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី និងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC បានបង្កើតគណៈកម្មការជ្រើសរើសប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប ១០៦នាក់ និងមាន១៤ប្រភេទកីឡាត្រៀមទៅប្រកួតកីឡាអាស៊ី នៅជប៉ុន ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា។
គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ គឺកម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន១៤ប្រភេទ រួមមាន៖ ហែលទឹក អត្តពលកម្ម ប្រដាល់សកល ជឺជីតស៊ូ យូដូ ការ៉ាតេ តេក្វាន់ដូWT ទ្រីយ៉ាត្លុង ចំបាប់ អេឡិចត្រូនិក បាល់ទាត់លើតុ គុនចម្រុះ ទូកក្តោង និងសូហ្វតិន្នីស ដោយមានប្រតិភូ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីសរុប ចំនួន ១០៦នាក់។ មុនឈានដល់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ី រៀងរាល់៤ឆ្នាំម្តងមួយនេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡារៀបចំវគ្គសិក្ខាសាលាមួយស្តីពីវិន័យ និងក្រមសីលធម៌ រយៈពេល២ថ្ងៃ សម្រាប់មន្រ្តី គ្រួបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីកម្ពុជា ត្រៀមចូលរួមប្រកួតប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិផងដែរ៕
ដោយ ហេង ណាលីន





