ផ្ទះមនុស្សធម៌ ផ្តល់ក្តីសង្ឃឹមថ្មីដល់គ្រួសារខ្វះខាត ២គ្រួសារ នៅក្រុងសិរីសោភ័ណ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦---
ក្រោមស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះមនុស្សធម៌ចំនួន ២ខ្នង ជូនគ្រួសារដែលមានជីវភាពខ្វះខាត និងមិនមាន លទ្ធភាពសាងសង់លំនៅដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងផ្តល់ក្តីសង្ឃឹមថ្មីដល់គ្រួសារងាយរងគ្រោះ។

ផ្ទះមនុស្សធម៌ទាំង ២ខ្នងនេះ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅភូមិដីឡូតិ៍ និងភូមិគាប សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈក ម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី លោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខា ព្រមទាំងសមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរ ដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅឯកោឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ការចុះប្រគល់ផ្ទះមនុស្សធម៌នាពេលនេះ គឺជាសកម្មភាពជាក់ស្តែងមួយដែលបង្ហាញពីការចូលរួមចំណែករបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ឯកឧត្តមប្រធានបានមានប្រសាសន៍ថា «សកម្មភាពនាពេលនេះ គឺស្របទៅនឹងមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។ ក្នុងនាមជាប្រធានសាខា ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងបណ្តាញក្រុមការងារចលនាមនុស្សធម៌គ្រប់ជាន់ថ្នាក់ ដែលនេះគឺជាកត្តាគន្លឹះធ្វើឱ្យចលនាមនុស្សធម៌របស់សាខា អនុវត្តទៅចំគោលដៅ និងដល់ដៃជនដែលកំពុងជួបការលំបាកពិតប្រាក ដ»។
ការផ្តល់ផ្ទះមនុស្សធម៌នេះ មិនត្រឹមតែជាការផ្តល់ទីជម្រកមួយខ្នងប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម ដល់គ្រួសារដែលកន្លងមកខ្វះលទ្ធភាពក្នុងការរៀបចំលំនៅដ្ឋានសមរម្យសម្រាប់ការរស់នៅប្រចាំថ្ងៃ។ សម្រាប់គ្រួសារដែលទទួលបានផ្ទះថ្មី ផ្ទះមួយខ្នងនេះមានអត្ថន័យលើសពីតម្លៃសម្ភារៈ ព្រោះវាជាការបង្ហាញថា នៅពេលជួបការលំបាក ពួកគេនៅតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីសង្គម។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានផ្ទះមនុស្សធម៌ បានបង្ហាញនូវក្តីរំភើប និងសេចក្តីត្រេកអរយ៉ាងខ្លាំង ដោយចាត់ទុកថា ផ្ទះថ្មីនេះជាកាដូដ៏មានតម្លៃសម្រាប់ជីវិតគ្រួសារ និងជាការជួយសម្រាលបន្ទុកដ៏ធំមួយ ដែលពួកគេមិនអាចមានលទ្ធភាពសម្រេចបានដោយខ្លួនឯង។
ពួកគេបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ស្វែងរក និងជួយដល់គ្រួសារដែលពិតជាមានការខ្វះខាត។ ពួកគេក៏បានប្តេជ្ញាថា នឹងថែរក្សាផ្ទះនេះឱ្យបានល្អ និងខិតខំប្រឹងប្រែងប្រកបរបររកស៊ី ដើម្បីកែលម្អជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ក្រៅពីការងារមនុស្សធម៌ ឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ បរិស្ថានរស់នៅស្អាត និងការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លងនានា ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព អាយុជីវិត និងជីវភាពគ្រួសារ។
ការបន្តផ្តល់ជំនួយ និងផ្ទះមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន គឺជាការបញ្ជាក់ថា មនុស្សធម៌មិនមែនមានត្រឹមតែការផ្តល់សម្ភារៈនៅពេលមានអាសន្នប៉ុណ្ណោះទេ ប៉ុន្តែជាការរួមកម្លាំងគ្នាដើម្បីឱ្យអ្នកដែលកំពុងជួបការលំបាកអាចឈរឡើងវិញ និងរស់នៅដោយសេចក្តីថ្លៃថ្នូរ។ នេះក៏ជាការឆ្លុះបញ្ចាំងពីស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលកំពុងត្រូវបានជំរុញឱ្យកាន់តែមានប្រសិទ្ធភាពនៅមូលដ្ឋាន។
សូមបញ្ជាក់ថា គ្រួសារទាំង២ដែលទទួលបានផ្ទះ រួមមាន ១-ឈ្មោះ មេឃ អឿម ភេទប្រុស អាយុ៨២ឆ្នាំ មានបន្ទុកគ្រួសារ ចំនួន៥នាក់(ស្រី៣នាក់), ២-លោកយាយ ហ៊ាប យាវ អាយុ៦៩ឆ្នាំ មានបន្ទុកគ្រួសារចំនួន១០នាក់(ស្រី៥ នាក់) រស់នៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បន្ទាយមានជ័យ។ ក្នុងនោះមួយគ្រួសារទទួលបានអំណោយបន្ថែម អង្ករ ៥០គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ សម្ភារប្រេីប្រាស់រួមនឹងថវិកាមួយចំនួន។ ស្រ្តីមានផ្ទៃពោះ ៧នាក់ ក្នុងម្នាក់ ទទួលបានឃីតសុខភាព ០១កញ្ចប់ ថវិកាមួយចំនួន។ ដោយឡែកបងប្អូនពលរដ្ឋដែលបានចូលរួម ទទួលបាន ភួយ ចំនួន១, ក្រមាចំនួន១ រួមនឹងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ឈុនសារ៉ាត





