លោកអភិបាលស្រុកស្ទោងថ្លែងអំណរគុណដល់ឯកឧត្តម ថោ ជេដ្ឋា ដែលតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរកងទ័ពការពារបូរណភាពទឹកដី
AKP កំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្តវីរកងទ័ពការពារបូរណភាពទឹកដីក្នុងឱកាសដែលលោក និងសហការីព្រមទាំងសប្បុរសជនបាននាំយកថវិកាសម្ភារ និងគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងសប្បុរសជនមកចូលរួមលើកទឹកចិត្តឧបត្ថម្ភដល់កងកម្លាំងផ្នែកសឹករងស្ទោងដែលត្រៀមចេញបំពេញបេសកកម្មការពារបូរណភាពទឹកដីទិសព្រះវិហារភ្នំដងរែកក្នុងពេលឆាប់ៗខាងមុខនេះនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦។

លោក សាយ គឹមឡម បានរំលេចថា ក្នុងនាមអាជ្ញាធរស្រុកស្ទោង ក្នុងនាមសមរភូមិក្រោយបានបន្តសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដូចភ្លៀងរឹម ជាពិសេសបានលើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រទាំងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ ថវិកា ដល់ផ្នែកសឹករងស្ទោង ក្នុងការទៅបំពេញបេសកកម្មទិសព្រះវិហារភ្នំដងរែក។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានសម្ដែងការដឹងគុណ និងលើកទឹកចិត្តដល់កងកម្លាំងផ្នែកសឹករងស្ទោង ព្រមទាំងវីរកងទ័ពជួរមុខគ្រប់រូប ដែលបានពលីសព្វបែបយ៉ាងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការពារបូរណភាពទឹកដីដោយមិនខ្លាចនឿយហត់ក្រោមកម្ដៅថ្ងៃ និងព្យុះភ្លៀងរលឹម ពីសំណាក់ចោរឈ្លានពាន។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណជាអានេកដល់មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ សប្បុរសជន ព្រះមន្ត្រីសង្ឃ ជិតឆ្ងាយដែលតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្ត និងសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការឧបត្ថម្ភគាំទ្រ លើកទឹកចិត្តវីរកងទ័ពជួរមុខជាញឹកញយ។
សូមបញ្ជាក់ថា ក្នុងឱកាសនេះ លោកអភិបាលស្រុកបានឧបត្ថម្ភដល់មេបញ្ជាការផ្នែកសឹករងស្ទោងចំនួន៦០ម៉ឺនរៀល កងកម្លាំងដែលទៅបំពេញបេសកកម្មចំនួន៨នាក់ក្នុង១នាក់ចំនួន៤០ម៉ឺនរៀល កងកម្លាំងនៅប្រចាំការផ្នែកសឹករង៧នាក់ក្នុង១នាក់ចំនួន១០ម៉ឺនរៀលព្រមទាំងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ជាច្រើនទៀតសរុបចំនួន៥.៦៨៨.០០០រៀល ក្នុងនោះថវិការបស់ឯកឧត្តម ថោ ជេដ្ឋាចំនួន២លានរៀល តាមរយៈឯកឧត្តម ជីវ ស៊ុនហេង៕

ដោយ ស៊ុម វណ្ណា





