ឯកឧត្តម អ៊ុន ចាន់ដា៖ ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជាកូនសោរសម្រាប់មនុស្សយើងម្នាក់ៗ ក្នុងការបើកទ្វារ ឆ្ពោះទៅអនាគត
AKP កំពង់ចាម ថ្ងៃទី ១១ ខែកញ្ញា ឆ្ឆ្នាំ២០២៦--ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជាកូនសោរ សម្រាប់មនុស្សយើងម្នាក់ៗ ក្នុងការបើកទ្វារ ឆ្ពោះទៅអនាគត សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តម អភិបាលខេត្តថ្លែងដូចនេះនៅក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយលើកទឹកចិត្តដល់សិស្សានុសិស្សនិន្ទេស Aក្នុងក្រុងកំពង់ចាម ចំនួន២៦នាក់ រួមនឹងសិស្សសាលា គថ្លង់ ចំនួន ៥នាក់ និងសិស្សកុមារកំព្រាចំនួន ២នាក់ ដែលទទួលបានជ័យលាភី សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដាក៏បានកោតសរសើរ និងចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា ជាពិសេសសិស្សទទួលបាននិទ្ទេស A ទាំង២៦នាក់ ដែលជាសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្ស លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីមាតាបិតា អាណាព្យាបាល។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងច្បាស់ថា ចំណេះដឹង ដែលបានមកពីការអប់រំគឺជាកូនសោរ សម្រាប់បើកទ្វារអនាគតរបស់មនុស្សយើងម្នាក់ៗ ក្នុងការឈានទៅភាពរុងរឿងក្នុងជីវិតរបស់ខ្លួនឯង ក្រុមគ្រួសារ ប្រទេសជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ធនធានមូលធនមនុស្សដ៏សំបូរបែប ដែលជា កម្លាំងចលករដ៏សំខាន់សម្រាប់ធ្វើការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ ឆ្ពោះទៅកាន់ភាពជោគជ័យ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា បើគ្មានការអប់រំទេនោះ មិនអាចធ្វើឱ្យសង្គមមួយរីកចម្រើនបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍន៍ជំនាញឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ុន ចាន់ដាក៏បានអំពាវនាវ ដល់មាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញកូនចៅឱ្យស្រឡាញ់ការសិក្សាជម្រុញការអានសៀវភៅ និងរៀនភាសាខ្មែរឱ្យបានច្បាស់លាស់ ។ ក្រុមគ្រួសារ និងសហគមន៍រួមគ្នាអប់រំកុមារ និងយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលអាចបំផ្លាញអនាគតបុគ្គល គ្រួសារ និងសង្គមជាតិ៕

ដោយ ឆាយ ម៉ុត





