លោកអភិបាលស្រុកស្ទោង៖ ការប្រគល់តួនាទី ភារកិច្ចថ្មីដល់មន្ត្រី ជាការបង្កើនគុណភាព ប្រសិទ្ធភាពការងារ និងលើកទឹកចិត្តមន្ត្រីដែលមានស្នាដៃ
AKP កំពង់ធំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់តួនាទី/ភារកិច្ចថ្មីដល់មន្ត្រី ជាការបង្កើនគុណភាពប្រសិទ្ធភាពការងារនិងលើកទឹកចិត្តមន្ត្រីដែលមានស្នាដៃក្នុងពិធីប្រកាសតែងតាំងប្រគល់ភារកិច្ចជូននាយករងរដ្ឋបាល ប្រធាននិងអនុប្រធានការិយាល័យនៃរដ្ឋបាលស្រុកស្ទោងនៃខេត្តកំពង់ធំនាព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០២៦។

លោកអភិបាលស្រុកបានមានប្រសាសន៍ថាពិធីប្រកាសនៅក្នុងពេលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលការណ៍គ្រឹះក្នុងការគ្រប់គ្រង និងដឹកនាំបុគ្គលិកក្នុងរដ្ឋបាលសាធារណៈដើម្បីពង្រឹង ម៉ាស៊ីនរដ្ឋបាលស្រុកស្ទោង ឱ្យកាន់តែមានសក្ដានុពលខ្ពស់ ក្នុងការបំពេញតួនាទី/ភារកិច្ចផ្ដល់សេវាជូនពលរដ្ឋ និងអនុវត្តកាតព្វកិច្ចក្នុងនាមរាជរដ្ឋាភិបាល។ការផ្លាស់ប្តូរ ឬប្រគល់តួនាទីថ្មី មិនមែនគ្រាន់តែជាការផ្លាស់ប្តូរបុគ្គលិកធម្មតានោះទេ ប៉ុន្តែជាយន្តការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃនិងជាការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរជាងមុន ហើយមន្ត្រីរាជការត្រូវរក្សានូវក្រមសីលធម៌ សុជីវធម៌ និងឥរិយាបទសមរម្យក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាព របស់ខ្លួន និងរបស់ស្ថាប័នរដ្ឋត្រូវយកចិត្តទុកដាក់បំពេញការងារតាមជំនាញ និងតួនាទី /ភារកិច្ច ដែលបានប្រគល់ជូន ប្រកដោយភាពស្មោះត្រង់ តម្លាភាព និងទំនួលខុសត្រូវ ហើយត្រូវចូលរួមអនុវត្ត "យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថិរភាពសង្គម។

លោកអភិបាលស្រុកបានលើកឡើងថា ការរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាភាពស្និទ្ធស្នាល ជួយយកអាសារ និងសហការគ្នាល្អក្នុងស្ថាប័ន គឺជាសសរទ្រូងនៃភាពជោគជ័យនៃភារកិច្ចរួម។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំលើកទឹកចិត្តដល់សហការីទាំងអស់ត្រូវ អភិវឌ្ឍសមត្ថភាពជាប្រចាំ (Digital Transformation) ត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងវិជ្ជាជីវៈនិងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើបច្ចុប្បន្នភាពការងារឱ្យទាន់សម័យកាលនិងធានានិរន្តរភាពស្ថាប័ន៕


ដោយ ស៊ុម វណ្ណា





