គិតចាប់ពីឆ្នាំ២០២៣មក សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀនជាង៣ម៉ឺនករណី និងឃាត់ខ្លួនមនុស្សជាង៨ម៉ឺននាក់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- គិតចាប់ពីឆ្នាំ២០២៣ មកដល់ឆមាសទី១ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសសរុប ៣៤,១៤៩ករណី។ ផ្អែកតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨៧,៣៧២នាក់ ដកហូត និងរឹបអូសសារធាតុញៀនគ្រប់ប្រភេទជាង២៦តោន។
របាយការណ៍បានចាត់ទុកលទ្ធផលប្រតិបត្តិការនេះថាជាស្នាដៃកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងដល់ឃុំ-សង្កាត់ ដែលបានខិតខំស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបប្រកបដោយស្មារតីវិជ្ជាជីវៈ និងការតាំងចិត្តខ្ពស់ ព្រោះប្រតិបត្តិការនេះទាមទារនូវការប្រយុទ្ធប្រឆាំងជាមួយពួកឧក្រិដ្ឋជនកាចសាហាវ និងមានអាវុធអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។

គួរកត់សម្គាល់ថា ដើម្បីពង្រឹងប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន កម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន។ ជាលទ្ធផល ត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋសរុប ៩៨,៥៤០នាក់ បានដំឡើង និងទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug មកប្រើប្រាស់ និងបានរាយការណ៍ និងផ្តល់តម្រុយព័ត៌មានចំនួន៨,៦៩៨ករណី។
គួរបញ្ជាក់ថា ចាប់តាំងពីដើមនីតិកាលទី៧នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្តេច ក្នុងនោះបានអនុវត្តកាតព្វកិច្ចពិនិត្យរកសារធាតុញៀនលើមន្ត្រីទាំង៣ប្រភេទ ក្នុងនោះមន្ត្រីមានសារធាតុញៀនត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ទន្ទឹមគ្នានោះដែរ ចំពោះមន្ត្រីអនុវត្តការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលខ្វះការទទួលខុសត្រូវក៏ត្រូវបានបន្ថយថ្នាក់ឋានន្តរសក្តិ ឬផ្លាស់ប្តូរមុខតំណែង ខណៈមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀនក៏ត្រូវបានអនុវត្តនីតិវិធីបណ្តេញចេញ ព្រមទាំងប្រឈមមុខនឹងនីតិវិធីតាមផ្លូវច្បាប់។ វិធានការនេះទទួលបានការសាទរក្នុងចំណោមមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទន្ទឹមគ្នានឹងការសាទរពីមហាជន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





