មនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ខណៈដែលប្រទេសតួកគីនៅបន្តកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ត្រីមូលដ្ឋាន និងអ្នកផ្សាយព័ត៌មានបាននិយាយកាលពីថ្ងៃពុធថា មនុស្សម្នាក់បានស្លាប់ដោយសារគាំងបេះដូងក្នុងអំឡុងពេលភ្លើងឆេះព្រៃនៅខេត្តអេនតាលីយ៉ា នៅភាគខាងត្បូងប្រទេសតួកគី ខណៈដែលអាជ្ញាធរបានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃជាច្រើនដែលបានផ្ទុះឡើងនៅក្នុងតំបន់នេះក្នុងសប្តាហ៍នេះ។
លោក អ៊ីសា យីលឌីរីម អភិបាលស្រុកអាកស៊ូ បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញសង្គមអ៊ិចថា អ្នកស្រុករូបនេះបានស្លាប់បន្ទាប់ពីរងផលប៉ះពាល់ដោយផ្សែងពីភ្លើងឆេះព្រៃ។
អាជ្ញាធរព្រៃឈើរបស់ប្រទេសតួកគីបាននិយាយថា ភ្លើងឆេះព្រៃនៅក្នុងស្រុកគុមលូកា នៃទីក្រុងអេនតាលីយ៉ា និងស្រុកបូហ្ស៊ីយ៉ាហ្ស៊ី នៃទីក្រុងមើស៊ីន ត្រូវបានគ្រប់គ្រងភាគច្រើន ទោះបីជាកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងទាំងនោះនៅតែបន្តក៏ដោយ។
អាជ្ញាធរបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យក៏បានកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដាច់ដោយឡែកពីគ្នាមួយទៀតនៅក្នុងស្រុកអាកស៊ូនៃទីក្រុងអេនតាលីយ៉ា និងស្រុកកូហ្សាន់ នៃទីក្រុងអាដាណា ដោយបាញ់ទឹកពីលើអាកាស និងពីលើដីដែរ។
វីដេអូបង្ហាញពីអណ្តាតភ្លើងកំពុងឆាបឆេះពាសពេញតំបន់ព្រៃឈើ និងផ្សែងក្រាស់ៗហុយឡើងទៅលើមេឃ ខណៈដែលឧទ្ធម្ភាគចក្រ យន្តហោះនិងរថយន្តពន្លត់អគ្គីភ័យបានធ្វើការដើម្បីទប់ស្កាត់ភ្លើងឆេះនោះ។
អ្នកស្រុកបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ ដោយកសិករបានប្រើប្រាស់ត្រាក់ទ័រ និងរថយន្តដឹកទឹកដើម្បីជួយដឹកជញ្ជូនទឹកទៅកាន់តំបន់ដែលរងផលប៉ះពាល់។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍NTV៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





