ចិនជាដៃគូដ៏គួរឱ្យទុកចិត្ត និងយូរអង្វែងបំផុតរបស់ប្រទេសកាតា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រចិន-កាតា សម្រេចបាននូវ «វឌ្ឍនភាពគួរឱ្យកត់សម្គាល់» ក្នុងរយៈបេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក វ៉ាង បានប្រាប់លោក ស្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ ប៊ីន ចាសស៊ីម អាល់ ថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ថា «ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប្រទេសកាតាក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាពសន្តិសុខ និងស្ថិរភាពរបស់ខ្លួន» ដោយបង្ហាញពីជំនឿថា កាតា «នឹងបន្តផ្តល់ការគាំទ្រយ៉ាងរឹងមាំលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន»។
លោក វ៉ាង បាននិយាយថា ប្រទេសចិន «គឺជាដៃគូដែលអាចទុកចិត្តបាន និងយូរអង្វែងបំផុតនៅក្នុងដំណើរការអភិវឌ្ឍន៍របស់កាតា»។
លោកបានបន្ថែមថា ទីក្រុងប៉េកាំង «មានឆន្ទៈក្នុងការរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកាតាលើកិច្ចការអន្តរជាតិ និងតំបន់»។
នៅមួយថ្ងៃមុននេះ លោក អាល់ ថានី បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង ដែលបាននិយាយថា ទីក្រុងប៉េកាំងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងដូហា ចំពេលដែលមានជម្លោះជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ប្រទេសចិន និងកាតា បានបង្កើតចំណងការទូតនៅឆ្នាំ១៩៨៨ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេបានឈានដល់ប្រហែល ២៤ពាន់លានដុល្លារអាម៉េរិក។
ប្រទេសកាតាផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវប្រហែល ៣០% ដែលប្រើប្រាស់ដោយប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប៉ុន្តែសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីរ៉ង់ដែលកំពុងបន្ត បានប៉ះពាល់ដល់ការផ្គត់ផ្គង់ជាសកលតាមរយៈច្រកសមុទ្រហ័រមុស ជាកន្លែងដែលទីក្រុងប៉េកាំងក៏ទទួលបានការនាំចូលថាមពលពីមជ្ឈិមបូព៌ាដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





