កាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយអប់រំពីវិធីបង្ការជំងឺគ្រុនឈាមនៅឃុំថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៦--ប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិកសិណ និងភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួលការយល់ដឹងបន្ថែមអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺគ្រុន ឈាម តាមរយៈយុទ្ធនាការអប់រំផ្សព្វផ្សា យស្តីពីការការពារជំងឺគ្រុនឈាម ដែលរៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សហការជាមួយមណ្ឌលសុខភាពឃុំថ្មពួកនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលបានចាត់ឱ្យមន្ត្រីសាខា ដឹកនាំក្រុមអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយចំណេះដឹងសុខភាព និងលើកកម្ពស់ការចូលរួមរបស់សហ គមន៍ក្នុងការការពារជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតឡេច័ន្ទសង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងសកម្មភាពអប់រំនេះ មន្ត្រីសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានផ្តោតលើការណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីមូលហេតុនៃការកើតមានមូសខ្លា និងវិធីកាត់បន្ថយប្រភពដង្កូវទឹកនៅជុំវិញផ្ទះ។ ជាពិសេស បានណែនាំឱ្យប្រជាពលរដ្ឋពិនិត្យ និងសម្អាតជាប្រចាំនូវពាង ក្រឡ ទឹកដក់ ឬវត្ថុផ្សេងៗដែលអាចក្លាយជាកន្លែងបង្កាត់ពូជមូសខ្លា ព្រមទាំងប្រើថ្នាំអាប៊ែតដាក់ក្នុងធុង ឬពាងស្តុកទឹកតាមការណែនាំរបស់មន្ត្រីសុខាភិបាល។

ការផ្សព្វផ្សាយនេះក៏បានផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រួសារនីមួយៗក្នុងការលុបបំបាត់ជម្រកមូសខ្លា។ ព្រោះការបង្ការជំងឺគ្រុនឈាមមិនអាចពឹងផ្អែកតែលើការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់គ្រួសារ។
មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ក៏បានណែនាំប្រជាពលរដ្ឋអំពីអ្វីដែលគួរធ្វើនៅពេលសមាជិកគ្រួសារមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម ដោយត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាព និងស្វែងរកសេវាពិនិត្យ និងព្យាបាលពីមន្ត្រីសុខាភិបាលឱ្យបានទាន់ពេលវេលា ជៀសវាងការទុកឱ្យជំងឺវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរ។ 
ជាមួយគ្នានេះ ក្រុមការងារក៏បានផ្សព្វផ្សាយពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាបរិស្ថានស្អាត ដោយជំរុញឱ្យមានការសម្អាតទីធ្លា កាប់ស្មៅ កម្ចាត់វត្ថុដែលអាចដក់ទឹក និងរាយការណ៍ទៅមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើរកឃើញប្រភពបង្កាត់ពូជមូសខ្លាដែលអាចបង្កហានិភ័យដល់សហគមន៍។
សកម្មភាពនេះទទួលបានការសហការយ៉ាងសកម្មពីក្រុមគ្រូពេទ្យជំនាញ និងសហការីរបស់មណ្ឌលសុខភាពថ្មពួក ដែលបានចូលរួមផ្តល់ការណែនាំ និងសម្របសម្រួលផ្នែកបច្ចេកទេសសុខាភិបាល ដើម្បីធានាថាការផ្សព្វផ្សាយមានភាពត្រឹមត្រូវ និងអាចអនុវត្តបានជាក់ស្តែងនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមរយៈសកម្មភាពនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានបន្តបង្ហាញពីតួនាទីសំខាន់របស់ខ្លួនក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ចំណេះដឹង និងការបង្ការជំងឺនៅតាមសហគមន៍។ ការអប់រំដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋត្រូវបានចាត់ទុកថា ជាវិធានការសំខាន់មួយក្នុងការបង្កើនការយល់ដឹង និងបំលែងចំណេះដឹងទៅជាសកម្មភាពជាក់ស្តែង។

លោកវេជ្ជបណ្ឌិតឡេច័ន្ទ សង្វាតបានបន្ថែមថាជំងឺគ្រុនឈាមអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើមិនមានការបង្ការ និងស្វែងរកការព្យាបាលទាន់ពេល។ ដូច្នេះ ការលុបបំបាត់ប្រភពដង្កូវទឹក ការការពារខ្លួនពីការខាំរបស់មូសខ្លា ការរក្សាអនាម័យបរិស្ថាន និងការស្វែងរកសេវាសុខាភិបាលនៅពេលមានរោគសញ្ញាសង្ស័យ គឺជាចំណុចសំខាន់ដែលប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមអនុវត្ត ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យជំងឺគ្រុនឈាមនៅក្នុងគ្រួសារ និងសហគមន៍៕
ដោយ៖ឈុនសារ៉ាត





