កម្ពុជាបណ្ដេញជនជាតិថៃ ៦៦នាក់ ចេញពីប្រទេសតាមច្រកប៉ោយប៉ែត ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តន៍ទោសចប់
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានសហការរៀបចំប្រគល់ ទទួល និងបណ្ដេញជនជាតិថៃសរុបចំនួន ៦៦នាក់ ក្នុងនោះមានស្ត្រី ២៨នាក់ និងកុមារ ០១នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តន៍ទោសចប់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៩:៣០នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កម្លាំងជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការប្រគល់ ទទួល និងបណ្ដេញចេញប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ស្របតាមនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធ។

ជនជាតិថៃទាំង ៦៦នាក់ ត្រូវបានធ្វើការប្រគល់ ទទួល និងបណ្ដេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៃប្រទេសថៃ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានប្រសាសន៍ថា ការបណ្ដេញចេញនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស និងធានាឱ្យការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ជនបរទេសដែលប្រព្រឹត្តល្មើសច្បាប់ ឬស្នាក់នៅដោយគ្មានលក្ខខណ្ឌត្រឹមត្រូវអាចប្រឈមនឹងវិធានការតាមផ្លូវច្បាប់ រួមទាំងការបណ្ដេញចេញពីប្រទេស បន្ទាប់ពីបំពេញនីតិវិធីពាក់ព័ន្ធ។
ជាមួយគ្នានេះ កិច្ចសហការរវាងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ បានដើរតួនាទីសំខាន់ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងលំហូរមនុស្សឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព។

តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចកម្ពុជាបានបង្ហាញពីការបន្តយកចិត្តទុកដាក់លើការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសនៅតាមតំបន់ព្រំដែន ខណៈកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៅតែជាកត្តាសំខាន់សម្រាប់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមច្រកទ្វារព្រំដែនអន្តរជាតិ៕
ដោយ ឈុន សារ៉ាត





