វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
AKP ភ្នំពេញថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៦–
វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈសម្រាប់សវនករផ្ទៃក្នុង ដើម្បីរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងសវនកម្មផ្ទៃក្នុង។

ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាហត្ថលេខី។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតជាសំខាន់លើការបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុសាធារណៈ គណ នេយ្យ និងសវនកម្ម ព្រមទាំងការពង្រឹងសមត្ថភាពបច្ចេកទេស និងឌីជីថលរបស់មន្ត្រីសវនកម្មផ្ទៃក្នុង ជាពិសេសការយល់ដឹង និងការអនុវត្តលើប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

ការចុះអនុស្សរណៈនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីរាជការ កាត់បន្ថយ និងទប់ស្កាត់ហានិភ័យព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការងារសវនកម្មផ្ទៃក្នុងដើម្បីរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព។

អនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពជាក់ស្តែង និងជំរុញការកសាងសមត្ថភាពមន្ត្រីរាជការឱ្យកាន់តែរឹងមាំ ស្របតាមតម្រូវការនៃការអភិវឌ្ឍស្ថាប័ន និងការកសាងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង)





