កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាជាច្រើនកន្លែង
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួនដែលកាន់ កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ មក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួបការបទេសកម្ពុជានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦បានលើកឡើងថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះរបស់ ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា។ បន្ទាប់ពីបានវាយកម្ទេចរួច កងកម្លាំង ប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់ សំណង់យោធារឹងមាំអចិន្ត្រៃយ៍។
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រ ធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋានយោធានៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យនៃប្រទេសកម្ពុជា។
ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿង ម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញានេះដែរ កងកម្លាំងប្រដាប់អាវុធថៃក៏បានវាយបំផ្លាញសំណង់ស៊ីវិល កម្ពុជា ក្នុងភូមិព្រៃចាន់ស្ថិតក្នុងឃុំនិងស្រុកខាងលើនេះ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ Prapas Somchaidee. បាននាំ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) រួមនឹងអ្នកសារព័ត៌មានថៃនិងបរទេស។ មកពិនិត្យអាគារមួយចំនួនស្ថិតនៅទិសអាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ និងរីស៉ត (Royal O Smach Hotel and Resort) ស្ថិតក្នុងសង្កាត់អូរសាច់ ខេត្តឧត្តរមានជ័យ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ រំលោភចូលកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។
កម្ពុជាបានលើកឡើងថាការចូលមកទីតាំងទាំងនោះដោយគ្មានការអនុញ្ញាតគឺស្មើនឹងសកម្មភាពខុសច្បាប់នៃការអនុវត្ត អំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា។ កម្ពុជាបដិសេធដាច់ខាតចំពោះការយកលេស បង្ក្រាបបទល្មើស ដើម្បីរំលោភបំពានដែនដីរបស់កម្ពុជា។
សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺបំពានអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ច ព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី ជាឯកតោ ភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ព្រមទាំងគោរព នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួល ដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រា យបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

ដោយ៖ ប៊ុនរិទ្ធ


