ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦-- ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ៖ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត»។

កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន បូកបី ២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន ៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋកូរ៉េ ៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-អាម៉េរិក ៥) និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-ជប៉ុន ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ប្រកបដោយសុខភាពល្អ ធានានិរន្តរភាព និងភាពធន់ ដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ាន តាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន។ ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល។ ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ អាស៊ានអាមេរិក និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជប៉ុន និងរបាយការណ៍កិច្ចប្រជុំរបសឧត្តមមន្ត្រីសុខាភិបាល (PrepSOM) នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន ព្រមទាំងបង្ហាញនូវរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីនឹងចូលរួមធ្វើបទអន្តរាគមន៍លើ ប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)


