ឯកឧត្តម អភិបាលខេត្តព្រះសីហនុចូលរួម «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃ»
AKP ទីក្រុងក្វាងចូវ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៦– គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋាន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងតំណាងវិស័យឯកជនកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុង «វេទិកាកិច្ចសហ ប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN)»។

វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន ក្រោមប្រធានបទ ផលិតកម្មឆ្លាតវៃអាស៊ាន រៀបចំឡើងក្រោមការសម្របសម្រួល និងសហការរវាងក្រុមហ៊ុន ISI Group និងក្រុមហ៊ុន SunWah Group ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល។ ព្រឹត្តិការណ៍នេះបានផ្តោតជាសំខាន់លើការបង្ហាញពីកាលានុវត្តភាពវិនិយោគ និងសក្ដានុ ពលសេដ្ឋកិច្ចដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ ជាពិសេសការទាក់ទាញបណ្ដុំសហគ្រាស និងវិនិ យោគិនមកពីតំបន់ឆ្នេរធំ Guangdong-Hong Kong-Macao Greater Bay Area (GBA) ឱ្យចូល មកបណ្ដាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI SEZ) ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសទូទាំងខេត្តព្រះសីហនុ។


របៀបវារៈនៃសកម្មភាព សំខាន់ៗក្នុងវេទិកាមានដូចជា
•មតិបើក និងបទបង្ហាញគន្លឹះ (Keynote Presentations)
ក្នុងឪកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាលខេត្តព្រះសីហនុ បានអញ្ជើញថ្លែងបើក និងធ្វើបទបង្ហាញគន្លឹះស្តីពី «ខេត្តព្រះសីហនុ ក្លាយជាកាលា នុវត្តភាពវិនិយោគ» ដោយបានរៀបរាប់ពីគោលន យោបាយគាំទ្រ ការ សម្រួលបរិយាកាសធុរកិច្ច និងកត្តាអំណោយផលផ្សេងៗសម្រាប់វិនិយោគិនបរទេស។ ទន្ទឹមនោះ ឯកឧត្តម ជា កុកហុង បានធ្វើបទបង្ហាញអំពីទិសដៅអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ជាមួយគ្នានោះដែរ តំណាងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ បានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ ផ្ទៃក្រឡា និងកញ្ចប់លើកទឹកចិត្តសម្រាប់បណ្ដារោងចក្រផលិតកម្មឆ្លាតវៃ។
• កិច្ចពិភាក្សា (Panel Discussion) ។

វេទិកាបានរៀបចំវគ្គពិភាក្សាដេញដោលស៊ីជម្រៅរវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានលេខាធិការដ្ឋាន រៀបចំផែនការមេ ប្រធានក្រុមប្រឹក្សាភិបាលក្រុម ហ៊ុន ISI Group និងតំណាងក្រុមហ៊ុនដៃគូ។ កិច្ចពិភាក្សានេះបានផ្តល់កាលានុវត្តភាពដល់វិនិ យោគិនចិន ក្នុងការផ្លាស់ប្តូរមតិយោបល់ និងដោះស្រាយចម្ងល់ផ្ទាល់ពាក់ព័ន្ធនឹងច្បាប់វិនិយោគ កាលានុវត្តភាពសេដ្ឋកិច្ច និងនីតិវិធី នៃការបង្កើតអាជីវកម្មនៅខេត្តព្រះសីហនុ។


បេសកកម្មនេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាព របស់ខេត្តព្រះសីហនុនៅ លើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហាន ដ៏សំខាន់ក្នុងការស្រូបទាញ រោងចក្រ សហគ្រាសផលិតកម្មទំនើប បច្ចេកវិទ្យាឆ្លាតវៃ និងការវិនិ យោគបៃតងមកកាន់កម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តព្រះសីហនុ រំពឹងថា នឹងទទួលបានអ្នលវិនិយោគិនមានការកើនឡើងនៃ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកាតាលីករជំរុញកំណើន សេដ្ឋកិច្ច និងបង្កើតឱកាសការងារជំនាញកម្រិតខ្ពស់ជូនប្រជាពលរដ្ឋឱ្យកាន់តែ ទូលំទូលាយ ៕
ដោយ៖ ងូ សុមុនី


