រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងហ្វីលីពីន ពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការសព្វាវុធ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិទីក្រុងសេអ៊ូលបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អាន់ គ្យូ-បាកបានជួបជាមួយសមភាគីហ្វីលីពីនរបស់លោកកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការសព្វាវុធទ្វេភាគី។
ក្នុងកិច្ចប្រជុំរបស់លោក អាន់ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីបឺតតូ តេអូដូរ៉ូ ត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ។
រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា កូរ៉េខាងត្បូង និងហ្វីលីពីន បានបន្តកសាងទំនុកចិត្តក្នុងរយៈពេលយូរ ហើយបានសន្យាថានឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងការផ្លាស់ប្តូរបុគ្គលិក និងសមយុទ្ធរួមគ្នាផងដែរ។
រដ្ឋមន្ត្រីទាំងពីរបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ដោយកសាងលើកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរបស់មេដឹកនាំរបស់ពួកគេដែលបានធ្វើឡើងកាលពីខែមីនា។
ជាពិសេស លោក អាន់ បានគូសបញ្ជាក់ពីឧត្តមភាពនៃប្រព័ន្ធសព្វាវុធកូរ៉េខាងត្បូង ខណៈដែលស្នើសុំការគាំទ្រដល់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលចូលរួមក្នុងគម្រោងទំនើបកម្មយោធាហ្វីលីពីន។
លោក តេអូដូរ៉ូ បានវាយតម្លៃខ្ពស់ចំពោះឧស្សាហកម្មសព្វាវុធកូរ៉េខាងត្បូង និងបានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែច្រើនឡើងក្នុងវិស័យការពារជាតិនាពេលអនាគត។
លោក អាន់ បានពន្យល់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងជំរុញឱ្យធានាបាននូវការរួមរស់ដោយសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដោយសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ ហើយរដ្ឋមន្ត្រីហ្វីលីពីនបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





