ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសពីគំនិតផ្តួចផ្តើមវិនិយោគ ៥៨១លានដុល្លារអាម៉េរិកជាមួយបារាំងលើវិស័យភាពយន្ត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានបង្ហាញគំនិតផ្តួចផ្តើមមួយដើម្បីវិនិយោគទឹកប្រាក់ ៥០០លានអឺរ៉ូ (៥៨១លានដុល្លារអាម៉េរិក) ក្នុងភាពជាដៃគូជាមួយបារាំង ដើម្បីលើកកម្ពស់ការរីកចម្រើននៃឧស្សាហកម្មភាពយន្ត ដែលជាចលនាមួយដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរក្នុងវិស័យនេះ។
លោក លី បានបង្ហាញពីគំនិតផ្តួចផ្តើមនេះនៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចប្រជុំកំពូល Lumiere នៅ Saint-Paul-de-Vence របស់ប្រទេសបារាំង ដែលលោកបានធ្វើជាសហប្រធានជាមួយប្រធានាធិបតីបារាំង លោកអេមម៉ានុយអ៊ែល ម៉ាក្រុន ដើម្បីពិភាក្សាអំពីអនាគតនៃឧស្សាហកម្មភាពយន្តចំពេលដែលមានការផ្លាស់ប្តូរជាសកល ដែលមិនអំណោយផលហើយប៉ះពាល់ដល់វិស័យនេះ។
ក្រោមគំនិតផ្តួចផ្តើមដែលស្នើឡើងដោយកូរ៉េខាងត្បូង និងគាំទ្រដោយបារាំងនេះ ប្រទេសទាំងពីរនឹងវិនិយោគទឹកប្រាក់ ៥០០លានអឺរ៉ូក្នុងឧស្សាហកម្មភាពយន្ត និងរូបភាពដែលមានចលនាក្នុងរយៈពេលប្រាំឆ្នាំដោយចាប់ផ្តើមនៅឆ្នាំក្រោយ។
លោក លី បាននិយាយថា គំនិតផ្តួចផ្តើមនេះនឹងជួយលើកកម្ពស់ការវិនិយោគរួមគ្នា និងគម្រោងផលិតកម្មរវាងប្រទេសទាំងពីរ និងក្លាយជាជំហានមួយសម្រាប់ក្រុមហ៊ុនផលិតមាតិកាក្នុងស្រុកក្នុងការចូលទៅក្នុងទីផ្សារពិភពលោក។
លោក លី បានលើកឡើងពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការលេចចេញនូវបញ្ញាសិប្បនិម្មិត (AI) ដែលជាកត្តាចម្បងនាំឱ្យមានភាពចលាចលក្នុងការផលិត និងការប្រើប្រាស់ខ្សែភាពយន្ត។
លោក លី បានមានប្រសាសន៍ថា «ប្រសិនបើយើងមិនដោះស្រាយការផ្លាស់ប្តូរនៃពេលវេលាឱ្យបានត្រឹមត្រូវទេ វាច្បាស់ណាស់ថាវានឹងក្លាយជាវិបត្តិមួយ។ ប៉ុន្តែ ប្រសិនបើយើងឆ្លើយតបយ៉ាងសកម្ម វាបង្ហាញពីឱកាសច្បាស់លាស់មួយ» ដោយលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំឧស្សាហកម្មភាពយន្តឱ្យខិតខំប្រឹងប្រែងដើម្បីប្រែក្លាយវិបត្តិនេះទៅជាឱកាស។
លោក លី បានគូសបញ្ជាក់ជាពិសេសថា បច្ចេកវិទ្យា AI បានជួយកាត់បន្ថយថ្លៃដើមនៃការផលិតខ្សែភាពយន្ត ប៉ុន្តែក៏បាននាំឱ្យមានការបាត់បង់ការងារនៅក្នុងឧស្សាហកម្មភាពយន្តផងដែរ ហើយលោកបានលើកឡើងពីការព្រួយបារម្ភអំពីការរក្សាសិទ្ធិ ដោយសន្យាថា ទីក្រុងសេអ៊ូលនឹងដើរតួនាទីក្នុងការលើកកម្ពស់ការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាង AI និងមនុស្សជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





