នាយករដ្ឋមន្ត្រីរុស្ស៊ី៖ ទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើងឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ដោយរុស្ស៊ី និងកូរ៉េខាងជើងសហការគ្នាស្ទើរតែគ្រប់វិស័យ។ នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន នៅក្នុងពិធីមួយកាលពីថ្ងៃចន្ទ ដែលជាការបញ្ចប់ការសាងសង់ស្ពានឆ្លងព្រំដែន។
លោក មីស៊ូស្ទីន បានមានប្រសាសន៍ថា «ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមកនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសរបស់យើងកំពុងសហការគ្នាយ៉ាងសកម្មស្ទើរតែគ្រប់វិស័យ ក៏ដូចជាសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ី និងនាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកូរ៉េខាងជើង លោក ផាក ថេសុង បានថ្លែងនៅក្នុងពិធីនេះតាមរយៈតំណភ្ជាប់វីដេអូ។
ស្ពានឆ្លងកាត់ទន្លេ Tumen ត្រូវបានដាក់ឈ្មោះតាមមន្ត្រីកងទ័ពក្រហមនិងជាវីរបុរសការងារកូរ៉េខាងជើង លោក យ៉ាកូវ ណូវីឆេនកូវ។ លោក មីស៊ូស្ទីន បានមានប្រសាសន៍ថា វាត្រូវបានគេរំពឹងថានឹងផ្តល់កម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងបើកឱកាសថ្មីសម្រាប់វិស័យទេសចរណ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





