គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ពង្រឹងតួនាទីភារកិច្ច និងធ្វើបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងសមាជិកសមាគមតាមការណែនាំថ្មី
AKP កំពង់ធំ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ បែងចែកភារកិច្ចទទួលខុសត្រូវ និងការផ្សព្វផ្សាយអំពីគំរូណែនាំថ្មីរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្នុងការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៦ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងដោយមានការចូលរួមពីអនុប្រធានប្រចាំការនិងក្រុមជំនួយការ នៅគ្រប់បណ្ដាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំបានឡើងអានសេចក្ដីសម្រេចលេខ២០៦ចុះថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២៦ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការតែងតាំងលោក ជួនសិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំឱ្យទទួលបន្ទុកផ្ទាល់ក្នុងការគ្រប់គ្រងអតីតនិវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិលតាមវិស័យនឹងធ្វើការគ្រប់គ្រងសម្របសម្រួលទទួលពាក្យស្នើសុំចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជននៅខេត្តកំពង់ធំ។

លោក ជូន សិលាវិត អនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តនិងឧត្តមសេនីយ៍ត្រី ង៉ាង ស អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ធំ បានឡើងណែនាំអំពីរបៀបរបបការងារ និងការណែនាំអំពីការធ្វើបច្ចុប្បន្នភាពតាមគំរូណែនាំថ្មី របស់គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការគ្រប់គ្រងសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតាមមូលដ្ឋាននីមួយៗឱ្យបានច្បាស់លាស់និងមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់សេចក្ដីសម្រេចជូនលោក ជូន សិលាវិត នឹងបានណែនាំដល់ក្រុមលេខាធិការដ្ឋាននិងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជន នៅគ្រប់បណ្ដា ក្រុង ស្រុកទាំង៩ នៅក្នុងខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតាមភារកិច្ចរៀងៗខ្លួនដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានប្រគល់ជូន ។

ជាមួយនោះដែរ ត្រូវចុះអនុវត្តជាបន្ទាន់ ដោយសហការជាមួយអាជ្ញាធរដែនដីនៅគ្រប់លំដាប់ថ្នាក់ក្នុងការធ្វើបច្ចុប្បន្នភាពថ្មី តាមគំរូណែនាំរបស់គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយការលំបាកផ្សេងៗ ជូនពួកគាត់ឱ្យបានសមស្របប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការចង្អុលណែនាំរបស់ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា៕

ដោយ ស៊ុម វណ្ណា


