ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយអនុក្រឹត្យលេខ១៧៦ អនក្រ.បក ស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា
AKP កំពង់ធំ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សព្វផ្សាយអនុក្រឹត្យលេខ១៧៦ អនក្រ.បក ស្ដីពីការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាលជូនថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នដែលមានការពាក់ព័ន្ធក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួមពីថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ព្រមទាំងស្ថាប័នចំណុះដែលមានការពាក់ព័ន្ធ។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឡើងអានអនុក្រឹត្យលេខ១៧៦ អនក្រ.បក ស្ដីពីការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល ដោយបានគូសបញ្ជាក់នូវមាត្រាសំខាន់ៗមួយចំនួនដូចជា ការបង្កើតសមាសភាពគណៈកម្មការកាតព្វកិច្ចយោធាតាមបណ្ដាថ្នាក់របស់កងទ័ពជើងគោក ថ្នាក់យោធភូមិភាគ និងគណៈកម្មការកាតព្វកិច្ចយោធានៅថ្នាក់ខេត្ត។ ជាមួយនោះដែរ ក៏បានបញ្ជាក់ជូនអំពីតួនាទីភារកិច្ចរបស់គណៈកម្មការកាតព្វកិច្ចយោធានៅថ្នាក់ខេត្ត ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ១៧៦ អនក្រ.បក ដែលត្រូវអនុវត្តន៍។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីច្បាប់កាតព្វកិច្ចយោធា ដែលបានអនុម័តដោយរដ្ឋសភាជាតិ និងដោយមានការផ្តល់មតិពីព្រឹទ្ធសភា ព្រមទាំងបានឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា និងការអនុវត្តអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ គឺជាការសមស្របទៅនឹងសភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិ ការវិវឌ្ឍប្រែប្រួលបរិបទនៃសភាពការណ៍អន្តរជាតិ ហើយជាមួយនេះដែរនៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក ក៏បានអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធានេះរួចមកហើយដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ បានប្រកាសឱ្យប្រើចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះរាជក្រមលេខ នស/រលក/០៥២៦/០០៨ តទៅ ហើយនៅក្នុងខែវិច្ឆកាចុងឆ្នាំ២០២៦នេះ យោធិនដែលត្រូវបំពេញកាតព្វកិច្ចយោធា និងត្រូវចូលហ្វឹកហ្វឺននៅក្នុងសាលាហ្វឹកហ្វឺននានា ដើម្បីហ្វឹកហ្វឺនយុទ្ធវិធី បច្ចេកទេសសណ្ដាប់ធ្នាប់ ដើម្បីពង្រឹងប្រៀបការពារជាជាតិឱ្យបានរឹងមាំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់គ្រប់បណ្ដាកងឯកភាព ក្រោយការរៀបចំ បង្កើតសមាសភាពគណៈកម្មការកាតព្វកិច្ចយោធារួចហើយ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីយុវជនយើងចូលអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធាប្រកបដោយកិត្តិយសសម្រាប់ជាតិ និងរបស់បុគ្គលនិងក្រុមគ្រួសារ ដែលបានចូលរួមអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ហើយជាមួយនោះដែរគណៈកម្មាធិការកាតព្វកិច្ចយោធា ត្រូវដំណើរការអនុវត្ដតាមភារកិច្ចរៀងៗខ្លួន តាមការប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ពិសេសគណៈកម្មការកាតព្វកិច្ចយោធា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា





