អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ
AKP កំពង់ចាម ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦-- លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយក៏ជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មមិនត្រឹមតែឱ្យយើងនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ វាថែមទាំងបានបង្កើនសមត្ថភាពក្នុងការប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថលជាពលរដ្ឋសកល ដែលពលរដ្ឋឌីជីថលចាំបាច់សម្រាប់ការរស់នៅក្នុងពិភព លោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

លោកអភិបាលរងខេត្តកំពង់ចាមបានថ្លែងដូចនេះក្នុងពិធីប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។

លោក ឃុន ប្រុស បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកកម្ពស់អក្ខរកម្មថាជាការវិនិយោគដ៏មានតម្លៃបំផុតលើមនុស្ស ព្រោះការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិត សំដៅកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ ផលិតភាពការងារ ការពង្រឹង សុខុមាលភាពគ្រួសារ និងការកសាងសង្គមពុទ្ធិប្រកបដោយសមធម៌ ភាពធន់ នវានុវត្តន៍ បរិយាបន្ន និងចីរភាព។

លោក ឃន ប្រុស ក៏បានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ទាំងការការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បី បង្កើតចំណេះដឹងសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ៕
ដោយ ឆាយ ម៉ុត





